កម្ពុជា និងសហរដ្ឋអាម៉េរិក បានរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។


ការរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងឱកាសបំពេញបេសកកម្ម ការងារចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣ដល់១៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំទទួលជួបពិភាក្សាការងារជាមួយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) , ទទួលជួបលោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរវាងភាគគីប្រទេសទាំងពីររៀបចំឡើង ដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។


សូមបញ្ជាក់ថា ក្រៅពីជំនួបខាងលើ ភាគីកម្ពុជាក៏បានជួបជាមួយភាគីអាម៉េរិកជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។
សូមជម្រាបជូនថា កាលពីឆ្នាំ ២០២៤ កន្លងទៅ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជាជាមួយសហអាម៉េរិក មានទឹកប្រាក់ ១០,១៨ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះ កម្ពុជានាំទៅអាមេរិក ៩,៩២ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ចំណែកទំនិញអាម៉េរិកនាំចូលវិញ មានចំនួន ២៦៤,១៥ លានដុល្លារ កើនឡើង ២,៧ ភាគរយ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ ១៩៩៤ ដល់ខែមករា ឆ្នាំ ២០២៤ ទុនវិនិយោគរបស់អាម៉េរិកនៅកម្ពុជា មានទឹកប្រាក់សរុបជាង ១ ០៧៧ លានដុល្លារ។ ដោយឡែកសម្រាប់ ៤ខែ ដើមឆ្នាំ ២០២៥នេះ សហរដ្ឋអាមេរិក បានបោះទុនវិនិយោគប្រមាណជាង ៦លានដុល្លារអាម៉េរិក នៅក្នុងប្រទេសកម្ពុជា៕

