សម្តេចធិបតី៖ រដ្ឋាភិបាលមិនលក់ ឬដោះដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅឱ្យឯកជននោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាល គ្មានគម្រោងលក់ ឬដោះដូរព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) ទៅឱ្យឯកជននោះឡើយ ខណៈរដ្ឋាភិបាលអះអាងថា នឹងរក្សាទុកទីតាំងប្រពលានយន្តហោះដ៏ចំណាស់មួយនេះទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះ មានជនមួយចំនួនថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លក់ឱ្យឯកជនកាន់កាប់ ខណៈសម្ដេចធិបតី ក៏បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)យកមកបង្ហាញសម្ដេច។

សម្ដេចធិបតីបញ្ជាក់បន្ថែមថា ទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចផ្ទាល់(សម្ដេចមហាបវរធិបតី)ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលបានអនុញ្ញាតឱ្យមានការផ្ទេរទៅឱ្យឯកជន ឬ លក់ទៅឱ្យឯកជននោះឡើយ។ ជាថ្មីម្តងទៀត សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា រដ្ឋាភិបាល មានគោលការណ៍រក្សាព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ ឬដោះដូរឱ្យជារបស់ឯកជនដាច់ខាត់ ពោលគឺទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទៅថ្ងៃអនាគត។

សូមជម្រាបថា ឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២៥ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។

ការបិទទ្វាដែលទទួលអ្នកដំណើររបស់ព្រលានយន្តហោះនេះ គឺដើម្បីផ្លាស់ប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ហ្សាលីន