ស្ពានខ្ពស់ជាងគេនៅកម្ពុជា កម្ពស់៩០ម៉ែត្រ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ

សង្គម​ និង​សេដ្ឋកិច្ច

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ តទៅ ។ នេះបើតាមលោក ផន ​រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផន រឹម ឱ្យដឹងបន្តថា ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០%។ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជាក់ស្រេប។

គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ស្ពាននេះសាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន ចំណាយថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក។

ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងក៏បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ៕