ទ្រព្យសម្បត្តិសរុបរបស់ទាយាទស្នងមរតកក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart បានធ្លាក់ចុះអស់ ១,៦ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីផែនការក្នុងការដំឡើងតម្លៃលើមុខទំនិញរបស់ខ្លួន ដើម្បីបន្ថយឥទ្ធិពលនៃពន្ធគយរបស់សហរដ្ឋអាមេរិក លើប្រទេសចិន។

ទ្រព្យសម្បត្តិរបស់លោក Rob Walton ដែលជាកូនប្រុសច្បងរបស់ស្ថាបនិក Walmart លោក Sam Walton បានធ្លាក់ចុះអស់ ៤៥០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes។ បុរសអាយុ ៨០ឆ្នាំរូបនេះ នៅតែតែជាអ្នកមានបំផុតក្នុងគ្រួសារ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១១៤,៥ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់កូនទីពីរ លោក Jim Walton ក៏បានធ្លាក់ចុះអស់ ៤៤៨លានដុល្លារ ខណ:ពេលដែលប្អូនស្រីពៅ គឺលោកស្រី Alice Walton ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ ៤៣៩លានដុល្លារ។ ហើយសមាជិកគ្រួសារពីរនាក់ផ្សេងទៀត ក៏បានខាតបង់អស់ប្រមាណ ២៦១លានដុល្លារ នៅថ្ងៃនោះ ផងដែរ ។
ជម្រាបជូនផងដែរថា ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីនាយកប្រតិបត្តិ Walmart លោក Doug McMillon បានប្រកាសពីផែនការដំឡើងតម្លៃលក់រាយនៅចុងខែនេះ ដោយសារតែតម្លៃពន្ធគយខ្ពស់ពេក ដែលជាសញ្ញាច្បាស់លាស់មួយ បង្ហាញថាសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងវាយប្រហារទៅលើសេដ្ឋកិច្ចរបស់អាមេរិកវិញ។ នេះបើយោងតាម Reuters៕

