​ទាយាទ​ស្នងមរតក Walmart ខាតលុយអស់សរុប ១,៦ពាន់លានដុល្លារ ដោយសារពន្ធគយអាមេរិក

អន្តរជាតិ

ទ្រព្យសម្បត្តិសរុបរបស់ទាយាទស្នងមរតកក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart បានធ្លាក់ចុះអស់ ១,៦ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីផែនការក្នុងការដំឡើងតម្លៃលើមុខទំនិញរបស់ខ្លួន ដើម្បីបន្ថយឥទ្ធិពលនៃពន្ធគយរបស់សហរដ្ឋអាមេរិក លើប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិរបស់លោក Rob Walton ដែលជាកូនប្រុសច្បងរបស់ស្ថាបនិក Walmart លោក Sam Walton បានធ្លាក់ចុះអស់ ៤៥០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes។ បុរសអាយុ ៨០ឆ្នាំរូបនេះ នៅតែតែជាអ្នកមានបំផុតក្នុងគ្រួសារ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១១៤,៥ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់កូនទីពីរ លោក Jim Walton ក៏បានធ្លាក់ចុះអស់ ៤៤៨លានដុល្លារ ខណ:ពេលដែលប្អូនស្រីពៅ គឺលោកស្រី Alice Walton ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ ៤៣៩លានដុល្លារ។ ហើយសមាជិកគ្រួសារពីរនាក់ផ្សេងទៀត ក៏បានខាតបង់អស់ប្រមាណ ២៦១លានដុល្លារ នៅថ្ងៃនោះ ផងដែរ ។

ជម្រាបជូនផងដែរថា ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីនាយកប្រតិបត្តិ Walmart លោក Doug McMillon បានប្រកាសពីផែនការដំឡើងតម្លៃលក់រាយនៅចុងខែនេះ ដោយសារតែតម្លៃពន្ធគយខ្ពស់ពេក ដែលជាសញ្ញាច្បាស់លាស់មួយ បង្ហាញថាសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងវាយប្រហារទៅលើសេដ្ឋកិច្ចរបស់អាមេរិកវិញ។ នេះបើយោងតាម ​​Reuters៕