ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសវៀតណាម VinFast បានប្រកាសពីការខាតបង់ដ៏ធំបំផុតមួយ នៅក្នុងត្រីមាសទី៤ ដោយសារតែកើនឡើងនៃថ្លៃដើមផលិត ក៏ដូចជាការព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស និងការដាក់ដំណើរការនៃកម្មវិធីសាកអាគុយដោយឥតគិតថ្លៃ ក្នុងគោលបំណងទាក់ទាញអ្នកទិញផងដែរ។ នេះបើតាមការចុះផ្សាយពី Reuters។

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយ ក្រុមហ៊ុន VinFast បានរាយការណ៍ពីការខាតបង់សុទ្ធរបស់ខ្លួនចំនួន ១,៣ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ពោលគឺជាការខាតបង់ធំបំផុតមួយ បើធៀបទៅនឹងចំនួន ៦៥០លានដុល្លារ ក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន និងការខាតបង់ចំនួន ៧៧៣លានដុល្លារ នៅក្នុងត្រីមាសទីបី។
ជុំវិញការខាតបង់ដ៏ធំនេះ ក្រុមហ៊ុនផលិតរថយន្ត EV វៀតណាម បាននិយាយថាពួកគេកំពុងផ្តោតលើការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងទ្វីបអាស៊ី ដោយបញ្ជាក់ថា ខ្លួននឹងបើករោងចក្រដំឡើងរថយន្តថ្មី នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី នៅឆ្នាំនេះ ស្របពេលការលក់នៅក្នុងទីផ្សារអាមេរិក ហាក់ជួបប្រទះផលលំបាកខ្លាំង ជាពិសេសត្រូវបានប៉ះពាល់ដោយវិធានការពន្ធគយថ្មីរបស់លោក ត្រាំ លើការនាំចូលរថយន្តពីក្រៅប្រទេស។
យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៤ ទាំងមូល ក្រុមហ៊ុន VinFast បានកត់ត្រាការខាតបង់សរុបរបស់ខ្លួនរហូតដល់ចំនួន ៣,២ពាន់លានដុល្លារ ពោលគឺជាតួរលេខកាន់តែអាក្រក់ បើធៀបទៅនឹងការខាតបង់ ២,៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣។
ជម្រាបជូនថា ចាប់តាំងពីការចាប់ផ្តើមដំណើរការអាជីវកម្មដំបូងក្នុងឆ្នាំ២០១៧ រហូតដល់ខែវិច្ឆិកា ឆ្នាំមុន VinFast បានទទួលការបញ្ចូលដើមទុនសរុបប្រហែល ១៧ពាន់លានដុល្លារ ពី Vingroup ដែលជាក្រុមហ៊ុនមេរបស់ខ្លួន និងពីស្ថាបនិកក្រុមហ៊ុន លោក Pham Nhat Vuong ផងដែរ៕

