រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ជាប្រធានក្រុមប្រឹក្សាភិបាល បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រថ្មីសម្ពោធដាក់ឱ្យដំណើរការនេះកើតចេញពីការវិនិយោគរួមគ្នាដោយក្រុមហ៊ុន Conch International Holdings (HK) Limited និងក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយទុនសរុបចំនួន ២៥០លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិតរហូតដល់ ២,២ លានតោនក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេស និងអាចឈានទៅនាំចេញផងដែរ។
រោងចក្រនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ លើផ្ទៃដីប្រមាណ ៤០៧ហិកតា។ តាមរយៈរោងចក្រនេះ រួមចំណែកផ្តល់ការងារផ្ទាល់ប្រមាណ ៤៥០នាក់ និងការងារប្រយោលប្រមាណ ១ពាន់នាក់ថែមទៀត។

រដ្ឋមន្រ្ដីក្រសួងរ៉ែបានបន្ដទៀតថា រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន។ រោងចក្រទី១ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។ រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន៕





