សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន ដើម្បីធ្វើទំនើបកម្មការបណ្ដុះបណ្ដាលសាលាគ្រប់កម្រិត។

នេះបើយាងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមិនត្រឹមតែបង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាល, និង ផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

បន្ថែមពីនេះ សម្តេចក៏បានជំរុញឱ្យក្រសួងអប់រំលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យបានទូលំទូលាយ និងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត។
ជាថ្មីម្តងទៀត សម្តេច ក៏បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារសារធារណៈ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លង អាជីពគ្រូបង្រៀន, នាយក, អ្នកឯកទេសអប់រំ និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និងរក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមានសមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដៃ ការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំចំណេះទូទៅ និង ការបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ៕ អត្ថបទ៖ ហ្សាលីន



