ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋលីទុយអានី បានសហការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលើកិច្ចសហប្រតិបត្តិការពហុភាគី។

នេះបើតាមរយៈជំនួបរវាង លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Darius GAIDYS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋលីទុយអានីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីសិង្ហបុរី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកាលានុវត្តភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលើកិច្ចសហប្រតិបត្តិការពហុភាគី។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។

សូមបញ្ជាក់ថា ជំនួបសម្តែងការគួរសម និងពិភាក្សាការងារខាងលើ ធ្វើឡើងបន្ទាប់ពី លោក Darius GAIDYS បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋលីទុយអានី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់លីទុយអានីប្រចាំកម្ពុជា៕


