អាជ្ញាធរខេត្តកោះកុង ជំរុញឲ្យក្រុមហ៊ុនដែលជួលកោះ ឆ្នេរ រម្មណីយដ្ឋាននានា សូមពន្លឿនការអនុវត្តគម្រោង

សង្គម​និង​សេដ្ឋកិច្ច

ក្នុងគោលដៅពង្រីកវិស័យទេសចរណ៍ឲ្យកាន់តែសម្បូរបែប ខេត្តកោះកុង ទទួលបានសំណើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច ជាច្រើនកន្លែងទៀត ហើយមន្រ្តីជំនាញបានចុះសិក្សាសំណើរដល់ទីផ្ទាល់ជាច្រើនកន្លែងនៅក្នុងរយៈពេលចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី០៧ កុម្ភៈម្សិលមិញ បានសម្របសម្រួលក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យមើលទីតាំងគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់កោះ។

ទីតាំងគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រឲ្យវិនិយោគដល់បណ្តាក្រុមហ៊ុនចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល រួមមាន៖ កោះយ៉ កោះកណ្តុរ កោះម្នាស់ ប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ។

ថ្លែងក្នុងពេលចុះពិនិត្យទីតាំងអភិវឌ្ឍន៍លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ក៏បានសំណូមពរឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគសូមពន្លឿនការអនុវត្តគម្រោង និងត្រៀមទទួលភ្ញៀវទេសចរណ៍នាពេលខាងមុខ។

ជាមួយគ្នានេះលោកអភិបាលរង បង្ហាញបានស្វាគមន៍ដល់ម្ចាស់គម្រោងដែលបានជ្រើសរើសខេត្តកោះកុងសម្រាប់ការអភិវឌ្ឍទេសចរណ៍កែឆ្នៃ និងធម្មជាតិ ខណៈសក្តានុពលទាំងនេះនៅមានច្រើនសំបូរបែបផ្សេងទៀត ដែលនឹងទាក់ទាញការវិនិយោគបន្តបន្ទាប់ស្របតាមផែនការអភិវឌ្ឍន៍ខេត្តកោះកុង។

ខេត្តកោះកុង មានការអភិវឌ្ឍវិស័យទេសចរណ៍ស្បូរបែប រាប់ពីខ្នាតយក្សអន្តរជាតិ រហូតដល់ទេសចរណ៍សហគមន៍ មានតំបន់វិស្សមកាល តំបន់អេកូទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះ។

បើតាមលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២២ ខេត្តកោះកុងមាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកដំណើរកម្សាន្តតាមរមណីយ៍ដ្ឋាន និងតំបន់ទេសចរណ៍នានា មានភ្ញៀវជាតិចំនួន ២៥,០០៤នាក់ ភ្ញៀវអន្តរជាតិមានចំនួន២២នាក់ សរុបចំនួន២៥,០២៦នាក់។

ក្រសួងទេសចរណ៍ បានរាយការណ៍ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីសកល និងចុងសប្តាហ៍ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ មានភ្ញៀវទេសចរក្នុងស្រុកចំនួន ២,០០២,២៩៨នាក់ បានធ្វើដំណើរកំសាន្ត និងទស្សនាតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា៕