ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពីសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទៅជា អនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ដូច្នេះនៅក្នុងរចនាសម្ព័ន្ធរបស់ CDC បច្ចុប្បន្ននេះគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ និង ឯកឧត្តម កែវ រតន: ជាអនុប្រធានទី៣។
សូមជម្រាបថា ឯកឧត្តម កែវ រតនៈ បានក្លាយជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ បន្ទាប់ពីលោកបានកាន់តំណែងជា អគ្គនាយកអគ្គិសនីកម្ពុជា អស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក។ ក្នុងអំឡុងឆ្នាំ ២០០៦ លោកក៏ធ្លាប់កាន់តួនាទីជានាយកខុទ្ទកាល័យក្រសួងរ៉ែ និងថាមពល និងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនេះ កាលពីថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០១៨ លោកក៏ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារអគ្គនាយកអគ្គិសនីកម្ពុជាផងដែរ៕


