អូស្ត្រាលី ជួយពង្រឹងសន្តិសុខថាមពលកម្ពុជា ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសអូស្រ្តាលី បានកំពុងបើកផ្លូវសម្រាប់ការវិនិយោគលើអនាគតថាមពលរបស់កម្ពុជា សំដៅឈានទៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈនាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា ខណៈដែលការរំខានដល់ទីផ្សារថាមពលសកល និងខ្សែសង្វាក់ផ្គត់ផ្គង់កំពុងជះឥទ្ធិពលដល់វិស័យថាមពលរបស់កម្ពុជា អូស្ត្រាលីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ដៃគូ ដើម្បីពង្រឹងភាពធន់នៃវិស័យថាមពលក្នុងរយៈពេលវែង។

ស្ថានទូតបន្តថា អូស្ត្រាលី កំពុងគាំទ្រក្រុមហ៊ុន SchneiTec Jupiter ក្នុងការបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃប្រមាណជា ១៥០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍកសិដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យទំហំ ៣៥០ មេហ្គាវ៉ាត់។ គម្រោងនេះនឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ។

ការគាំទ្រនេះ ធ្វើឡើងបន្តពីការដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះនូវ ប្រកាសស្តីពីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការគាំទ្រពីអូស្ត្រាលី។ យន្តការជាប្រវត្តិសាស្ត្រនេះ នឹងកៀរគរហិរញ្ញប្បទានក្នុងស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។នេះបើតាមការបញ្ជាក់បន្ថែមពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះអនាគតថាមពលស្អាតរបស់កម្ពុជា ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងកសាងសេដ្ឋកិច្ចឱ្យកាន់តែមានភាពធន់៕ អត្ថបទ៖ហ្សាលីន