ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានជូនដំណឹងពីឱកាសការងារជាច្រើនម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃវិញ។

តាមការបញ្ជាក់ពីក្រសួងការងារបានឱ្យដឹងថា ការងារជាង២១ម៉ឺនកន្លែងនេះ មាននៅតាមបណ្ដាររាជធានី ខេត្ដ ចំនួន២៥គឺ៖ ១- ខេត្ដបន្ទាយមានជ័យ ចំនួន ១ ១៨៣កន្លែង, ២- ខេត្ដបាត់ដំបង ៧៦០កន្លែង, ៣- ខេត្ដកំពង់ចាម ២ ៧៧០កន្លែង, ៤- ខេត្ដកំពង់ឆ្នាំង ៦ ៩៨៣កន្លែង, ៥- ខេត្ដកំពង់ស្ពឺ ៥៣ ៨៩៨កន្លែង, ៦- ខេត្ដកំពង់ធំ ១ ៦៧៣កន្លែង, ៧- ខេត្ដកំពត ៩៥៣កន្លែង, ៨- ខេត្ដកណ្ដាល ២៥ ០៤៣កន្លែង, ៩- ខេត្ដកោះកុង ៣ ១០៥កន្លែង, ១០- ខេត្ដក្រចេះ ៧ ៧០២កន្លែង។
១១- ខេត្ដមណ្ឌលគិរី ៤៩៣កន្លែង, ១២- ខេត្ដព្រះវិហារ ៣៦២កន្លែង, ១៣- ខេត្ដព្រៃវែង ២៣៤កន្លែង, ១៤- ខេត្ដពោធិ៍សាត់ ១ ៩១៧កន្លែង, ១៥- ខេត្ដរតនគិរី ៥ ៦៩១កន្លែង, ១៦- ខេត្ដសៀមរាប ៣១១កន្លែង, ១៧- ខេត្ដព្រះសីហនុ ៧ ៣៨៩កន្លែង, ១៨- ខេត្ដស្ទឹងត្រែង ៣ ៤៩៣កន្លែង, ១៩- ខេត្ដស្វាយរៀង ២១ ៦៦៣កន្លែង, ២០- ខេត្ដតាកែវ ១៤ ៥២៩កន្លែង, ២១- ខេត្ដកែប ១៦កន្លែង, ២២- ខេត្ដប៉ៃលិន ១ ៥៨២កន្លែង, ២៣-ខេត្ដឧត្ដរមានជ័យ ៣៩៤កន្លែង, ២៤- ខេត្ដត្បូងឃ្មុំ ៧០៤កន្លែង និងរាជធានីភ្នំពេញ ចំនួន ៤៨ ៤៧០កន្លែង។
សូមរំលឹកផងដែរថា ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងសាជាថ្មី។
ក្នុងន័យនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ ឯកសារណាមួយ ដូចជាសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមបងប្អូនទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ទ្ទ 1207៕

