រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នឹងបើកដំណើរការគេហទំព័រសម្រាប់ដាក់លក់ប័ណ្ណមាសតម្លៃ ៥លានដុល្លារ ក្នុងរយ:ពេលមួយសប្តាហ៍ទៀត សម្រាប់ផ្តល់ជូនជនបរទេស ដែលមានបំណងចង់បានសញ្ជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយនៅក្នុងសន្និសីទព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែឧសភាថា ៖”ខ្ញុំជឿថាគេហទំព័រដែលមានឈ្មោះ ‘Trumpcard.gov’ នឹងត្រូវបានដាក់ឲ្យដំណើរការក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ ហើយជុំវិញព័ត៌មានលម្អិតផ្សេងទៀត នឹងត្រូវបានប្រកាសនៅពេលក្រោយ ប៉ុន្តែអាចរាល់គ្នា អាចចាប់ផ្តើមចុះឈ្មោះក្នុងពេលឥឡូវនេះបាន”។
យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ប័ណ្ណមាសដែលជាគំនិតផ្តួចផ្តើមដោយប្រធានាធិបតី ដូណាល់ ត្រាំ នេះនឹងក្លាយជាជម្រើសដ៏សុវត្ថិភាពបំផុត សម្រាប់អ្នកដែលចង់មកតាំងទីលំនៅ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ លោក Lutnick បាននិយាយទៀតថា ជនបរទេសទាំងអស់ដែលមានទ្រព្យសម្បត្តិច្រើន សុទ្ធសឹងតែចាប់អារម្មណ៍ក្នុងការទិញយកប័ណ្ណមាសនេះ។
ជម្រាបជូនផងដែរថា ប័ណ្ណមាសសម្រាប់ជនអន្តោប្រវេសន៍តម្លៃ ៥លានដុល្លារនេះ ត្រូវបានផ្តួចផ្តើមដោយលោក ត្រាំ នៅក្នុងខែកុម្ភៈ ដែលក្រោយមកត្រូវបានគេហៅថាជា “Trump card” ។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធទិដ្ឋាការវិនិយោគ EB-5 របស់សហរដ្ឋអាមេរិក ដោយទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើនៗ ឲ្យមករស់នៅសហរដ្ឋអាមេរិក ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដែលលោក ត្រាំ អះអាងថាល្អជាងប័ណ្ណបៃតងធម្មតា ដែលមានស្រាប់៕

