កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើ របៀបវារៈចំនួន២៨ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី។

នៅក្នុងនោះ អង្គរដ្ឋសភា ស្តាប់នូវព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ដែលអានជូនអង្គសភាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ក្នុងចំណោមរបៀបវារៈ២៨ ដែលសម័យប្រជុំរដ្ឋសភា ត្រូវពិភាក្សាអនុម័តនោះ មានរបៀបវារៈ ចំនួន២៤ តាមការស្នើរបស់រាជរដ្ឋាភិបាល គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកុមហ៊ុនវិនិយោគផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនីដើរដោយខ្យល់។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទាំង២៤ ដែលត្រូវបានអនុម័តរួមមានខេត្តកំពង់ឆ្នាំង៣គម្រោង វិនិយោគលើថាមពលពន្លឺព្រះអាទិត្យ គម្រោងវិនិយោគស្ថានីយប្រព័ន្ធអាគុយស្ដុកទុក ថាមពល, ខេត្តបាត់ដំបង ១គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ, ខេត្តព្រៃវែង១គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ, ខេត្តពោធិ៍សាត់៦គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងគម្រោងវិនិយោគស្ថានីយប្រព័ន្ធអាគុយស្ដុកទុក ថាមពល។
ខេត្តព្រះសីហនុ ១គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ, ខេត្តស្ទឹងត្រែង១គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ, ខេត្តកំពង់ចាម១គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ, ខេត្តមណ្ឌលគិរី៦គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់, ខេត្តកំពង់ស្ពឺ១គម្រោង ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ, ខេត្តកោះកុង២គម្រោង
វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ និងស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក, និងខេត្តរតនគិរី១គម្រោង វិនិយោគវារីអគ្គិសនី ព្រែកល្អាង១និង២។

បន្ទាប់ពីការអនុម័តនូវគម្រោងវិនិយោគលើវិស័យអគ្គិសនីនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានគូសបញ្ជាក់ថា «ក្រុមការងាររាជរដ្ឋាភិបាលសូមគោរពអរគុណសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងអង្គសភាដ៏ឧត្តុងឧត្ដមទាំងមូលដែលបានផ្តល់ការគាំទ្រគម្រោងអភិវឌ្ឍន៍ថាមពលបន្ថែមរបស់កម្ពុជាជាពិសេសគម្រោងថាមពលស្អាត ដើម្បីបង្កើនសន្តិសុខថាមពលជាតិនិងការបង្កើតការងារថ្មីៗជូនយុវជន យុវនារីយើង»។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណា-ចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅ កម្ពុជាទាំង២៤ រៀបចំឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០-២០៤០)៕








