ក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីចំនួន២៤ ត្រូវបានរដ្ឋសភាអនុម័ត

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើ របៀបវារៈចំនួន២៨ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​នោះ អង្គ​រដ្ឋសភា ស្តាប់​នូវ​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៤ នីតិកាល​ទី​៧ ដែល​អាន​ជូន​អង្គ​សភា​ដោយ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​។

ក្នុងចំណោមរបៀបវារៈ២៨ ដែលសម័យប្រជុំរដ្ឋសភា ត្រូវពិភាក្សាអនុម័តនោះ មានរបៀបវារៈ ចំនួន២៤ តាមការស្នើរបស់រាជរដ្ឋាភិបាល គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកុមហ៊ុនវិនិយោគផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនីដើរដោយខ្យល់។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទាំង២៤ ដែលត្រូវបានអនុម័តរួមមានខេត្តកំពង់ឆ្នាំង៣គម្រោង វិនិយោគលើថាមពលពន្លឺព្រះអាទិត្យ គម្រោង​វិនិយោគ​ស្ថានីយ​ប្រព័ន្ធ​អា​គុយ​ស្ដុក​ទុក ថាមពល, ខេត្តបាត់ដំបង ១គម្រោង  ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ, ខេត្តព្រៃវែង១គម្រោង ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ, ខេត្តពោធិ៍សាត់៦គម្រោង ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ និងគម្រោង​វិនិយោគ​ស្ថានីយ​ប្រព័ន្ធ​អា​គុយ​ស្ដុក​ទុក ថាមពល។

ខេត្តព្រះសីហនុ ១គម្រោង ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ, ខេត្តស្ទឹងត្រែង១គម្រោង ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ, ខេត្តកំពង់ចាម១គម្រោង ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ, ខេត្តមណ្ឌលគិរី៦គម្រោង ​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ ថាមពលខ្យល់, ខេត្តកំពង់ស្ពឺ១គម្រោង ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ, ខេត្តកោះកុង២គម្រោង
​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ និងស្ថានីយ​វា​រី​អគ្គិសនី​បូមទឹក​ស្តុក​ទុក, និងខេត្តរតនគិរី១គម្រោង ​វិនិយោគ​វា​រី​អគ្គិសនី ព្រែក​ល្អាង​១​និង​២។

បន្ទាប់ពីការអនុម័តនូវគម្រោងវិនិយោគលើវិស័យអគ្គិសនីនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានគូសបញ្ជាក់ថា «ក្រុមការងាររាជរដ្ឋាភិបាលសូមគោរពអរគុណសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងអង្គសភាដ៏ឧត្តុងឧត្ដមទាំងមូលដែលបានផ្តល់ការគាំទ្រគម្រោងអភិវឌ្ឍន៍ថាមពលបន្ថែមរបស់កម្ពុជាជាពិសេសគម្រោងថាមពលស្អាត ដើម្បីបង្កើនសន្តិសុខថាមពលជាតិនិងការបង្កើតការងារថ្មីៗជូនយុវជន យុវនារីយើង»។

សូម​ជម្រាប​ថា សេចក្ដីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​-ចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អគ្គិសនី​នៅ កម្ពុជា​ទាំង​២៤ រៀបចំ​ឡើង​ក្នុង​គោលបំណង ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អគ្គិសនី​ដែល​កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២៨ ដោយ​ផ្អែក​តាម​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ថាមពល អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (២០២០-២០៤០)៕