ប្រទេសកម្ពុជា កំពុងឈានឆ្ពោះទៅការធ្វើថាមពលដើរដោយខ្យល់នាពេលខាងមុខនេះ ដោយថាមពលដើរដោយខ្យល់ គឺសំខាន់ខ្លាំងណាស់ ដែលជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នៅកម្ពុជា គឺដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន២៨ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី។
ក្នុងចំណោមរបៀបវារៈ២៨ ដែលសម័យប្រជុំរដ្ឋសភា ត្រូវពិភាក្សាអនុម័តនោះ មានរបៀបវារៈចំនួន២៤ តាមការស្នើរបស់រាជរដ្ឋាភិបាល គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកុមហ៊ុនវិនិយោគផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនីដើរដោយខ្យល់។
ការអនុម័តគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ជាការវិនិយោគដំបូងនៅប្រទេសកម្ពុជា ដោយយកខេត្តមណ្ឌលគិរីជាទីតាំងវិនិយោគដំបូងចំនួន៦គម្រោង។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ជាជំហានដំបូង រាជរដ្ឋាភិបាល បានដាក់គម្រោង៦ក្នុងខេត្តមណ្ឌលគិរី ដើម្បីសិក្សាពីការបង្កើតថាមពលអគ្គិសនីចេញពីកម្លាំងខ្យល់។ ចាប់ពីឆ្នាំ២០២៦ទៅ គម្រោងទាំង៦ក្នុងខេត្តមណ្ឌលគិរីនេះ នឹងអាចចេញជាលទ្ធផល ពោលគឺកម្ពុជានឹងអាចទទួលបានថាមពលអគ្គិសនីដែលដើរដោយកម្លាំងខ្យល់។
បើតាមលោក កែវ រតនៈ គម្រោងដែលដាក់ចេញជាជំហានទី១នេះ អាចបង្កើតថាមពលអគ្គិសនីដែលដើរដោយកម្លាំងខ្យល់ បាន៩០០គីឡូមេហ្កាវ៉ាត់។
សូមបញ្ជាក់ថា មានខេត្តផ្សេងៗទៀត ដូចជា បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កែប និងកំពតជាដើម ក៏រាជរដ្ឋាភិបាលយកទៅសិក្សាពីការបង្កើតថាមពលអគ្គិសនីដោយកម្លាំងខ្យល់ដែរ តែមិនមានសក្កានុពលដូចខេត្តមណ្ឌលគិរី។ ដោយរដ្ឋមន្រ្តីក្រសួងរ៉ែ បានអះអាងថាដោយសារខេត្តមណ្ឌលគិរី មានខ្យល់ច្រើនជាងគេ ទើបរាជរដ្ឋាភិបាលសម្រេចដាក់គម្រោងបង្កើតថាមពលអគ្គិសនីដោយកម្លាំងខ្យល់នេះ ក្នុងខេត្តមណ្ឌលគិរីតែមួយជាមុនសិន។

គួរឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីដោយកម្លាំងខ្យល់ មានតម្លៃខ្ពស់ជាងការប្រើប្រាស់អគ្គិសនីដោយពន្លឺព្រះអាទិត្យជិត២ដង ឯណោះ។ សព្វថ្ងៃនេះ កម្ពុជា បានបង្កើតថាមពលអគ្គិសនីពីប្រភព និងធនធានផ្សេងៗ ដូចជា ប្រេង ខ្យូងថ្ម វារីអគ្គិសនី និងពន្លឺព្រះអាទិត្យ ជាអាទិ៍ ហើយចុងក្រោយ គឺកម្លាំងខ្យល់។ នេះមិនមែនតែកម្ពុជាឡើយ ប្រទេសនានាលើសាកលោក ក៏កំពុងប្រើធនធាន និងប្រភពទាំងនេះ ក្នុងការបង្កើតថាមពអគ្គិសនីដែរ។ (នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ)
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បាននិងកំពុងព្យាយាមពង្រីកវិសាលភាពនៃការបង្កើតថាមពលអគ្គិសនីចេញពីប្រភពផ្សេងៗ ដើម្បីឱ្យកម្ពុជាមានថាមពលអគ្គិសនីកាន់តែច្រើន និងមានភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់។រាជរដ្ឋាភិបាល សិក្សាឃើញថា កម្លាំងខ្យល់ ក៏ជាប្រភពមួយ ដែលកម្ពុជាអាចប្រើប្រាស់ដើម្បីបង្កើតចេញជាថាមពលអគ្គិសនី ដូចនៅតាមបណ្តាប្រទេសដទៃទៀតដែរ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា គម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុនចំនួន៦ ដែលធ្វើការវិនិយោគដំបូងលើការផលិតផលិតថាមពលអគ្គិសនីដើរ ដោយខ្យល់៦គម្រោងនៅខេត្តមណ្ឌលគិរីរួមមាន៖
១, ក្រុមហ៊ុន អេច ខេ អូអេស៊ីស ផោវ័រ អេនើជី ឌីវេឡុបម៉ិន ឯ.ក វិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្កាវ៉ាត់។
២, ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់។
៣, ក្រុមហ៊ុន ឥណ្ឌូឆាយណា វីន ផោវ័រ ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់។
៤, ក្រុមហ៊ុន លីឌើរ វីន អេនើជី (ខេមបូឌា) ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់។
៥, ក្រុមហ៊ុន គោព្រៃ វីនហ្វាម ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់។
៦, ក្រុមហ៊ុន បេជីង ហ្វេងហ្គ័ង អ៊ីនហ្វីនីត វីន អេនើជី ឯ.ក វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់៕
អត្ថបទ៖ ស៊ីណាត

