អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់​ ត្រូវតុលារបញ្ជាឲ្យបង់សំណងរាប់រយលានដុល្លារ ជុំវិញគម្រោងទិញស្រូវ

អន្តរជាតិ

តុលាការកំពូលរបស់ប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បង់សំណងជាទឹកប្រាក់ចំនួន ១០លានបាត (៣០៥លានដុល្លារ) ជុំវិញគម្រោងសន្យាទិញស្រូវក្នុងអំឡុងរដ្ឋាភិបាលរបស់លោកស្រី ដែលនាំឲ្យមានការផ្ទន្ទាទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៥ឆ្នាំ​ ពីបទធ្វេសប្រហែស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី យីងឡាក់ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៤ នាក់នៃគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីផងនោះ បាននិរទេសខ្លួនឯងទៅរស់ក្រៅប្រទេស ដើម្បីគេចវេសពីការជាប់ពន្ធនាគារ ដោយសារបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយ ក្នុងគម្រោងស្រូវ ដែលបានបង់ថ្លែស្រូវឲ្យកសិករលើសពីតម្លៃទីផ្សារ រហូតដល់ ៥០% និងបណ្តាលឲ្យរដ្ឋមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។

គួរឲ្យដឹងជុំវិញសេចក្តីសម្រេចចុងក្រោយរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានការប្តឹងឧទ្ធរណ៍របស់លោកស្រី យីងឡាក់ ប្រឆាំងនឹងដីកាពីមុន ដែលតម្រូវឲ្យលោកស្រី ត្រូវបង់ប្រាក់រហូតដល់ទៅ ៣៥ពាន់លានបាត (១,០៧ពាន់លានដុល្លារ) ឯណោះ ទៅឲ្យក្រសួងហិរញ្ញវត្ថុ។

តុលាការកំពូលថៃ បានរកឃើញថាលោកស្រី យីងឡាក់ បានបំពេញភារកិច្ចដោយមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យខូចខាតដល់រដ្ឋ ដូច្នេះហើយត្រូវតែសងសំណងជាចាំបាច់ ប៉ុន្តែទន្ទឹមនឹងនោះ តុលាការក៏បានបន្ថែមថា ដីកាពីមុន ហាក់លើសពីកម្រិតនៃការទទួលខុសត្រូវរបស់លោកស្រី ដូច្នេះហើយទើបការបញ្ជាឲ្យផ្តល់សំណង ត្រូវបានបន្ធូរបន្ថយវិញ។

ជម្រាបជូនថា លោកស្រី យីងឡាក់ បច្ចុប្បន្នវ័យ ៥៧ ឆ្នាំ បានឡើងកាន់អំណាចនាមជានាយករដ្ឋមន្ត្រីថៃ ក្នុងឆ្នាំ២០១១ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ប៉ុន្តែត្រូវបានចុះចេញពីតំណែងវិញ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនរដ្ឋប្រហារឆ្នាំ២០១៤៕