រដ្ឋាភិបាល កម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំ«ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។
ជាផ្នែកមួយនៃឆ្នាំទេសចរណ៍នេះ ក្រុមភ្ញៀវទេសចរចិនដំបូងចំនួន១២៥នាក់ ក្នុងចំណោមភ្ញៀវទេសចរចិនប្រមាណជាង ១០០០ នាក់ បានមកដល់កម្ពុជា។

ក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ថា ការមកដល់របស់ទេសចរចិនដំបូងជាង១២០នាក់នេះគឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាល CTG កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្រ្តី នៅទីស្នាក់ការក្រុមហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង។

គួរបញ្ជាក់ថា យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៥ ភ្ញៀវទេសចរចិនមានចំនួន ៦៧ ៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ខណៈរាជរដ្ឋាភិបាលកម្ពុជា រំពឹងទទួលបាន «ទេសចរចិន» ជាង១លាននាក់ ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦, ៧លាននាក់ កើនលើសឆ្នាំ២០២៣ ចំនួន ២២.៩%។ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ចំនួនជាង ៨៤ម៉ឺននាក់ កើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២៣៕



