សម្តេចធិប​តី ហ៊ុន ម៉ាណែត៖ ពិធីបុណ្យអុំទូកឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

សង្គម​និង​សេដ្ឋកិច្ច

ខណៈដែលព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ​ ​បានបញ្ចប់ជាស្ថារពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើបរីករាយ និងបានអះអាងថា ពិធីបុណ្យអុំទូកឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើងថា សម្តេចធិបតី និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុកនៅឆ្នាំ ២០២៣ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។

សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមថា៖«ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ»។

ជាថ្មីម្តងទៀត​ សម្តេចធិបតី ក៏សូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាពនិងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។

ក្រៅពីនេះ សម្តេចធិបតី ក៏បានអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឲ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង។

សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអ៊ុំទូកនេះដែរ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ រង្សី