ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រើននៅខេត្តបាត់ដំបង គិតមកដល់ពេលនេះ សាងសង់សម្រេចបាន១០០%ហើយ។

យោងតាមហ្វេសប៊ុក សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត និងពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
សម្តេចធិបតីបន្តថា ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៤ រួមមាន៖
ទី១. ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។ទី២. សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។
ទី៣. រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។
និងទី៤. សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាល បានបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកប្រព័ន្ធធារាសាស្ត្រ ពិសេសបង្កេីតអាងស្តុកទឹក ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់ម្រើដល់វិស័យកសិកម្ម និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹក ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្រចតុកោណ ហើយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម តាមរយៈក្រសួងធនធានទឹក និងឧតុនិយមជាប្រតិបត្តិករ៕ អត្ថបទ៖ហ្សាលីន



