ក្រសួងការបរទេសប្រេស៊ីល ចង់ឱ្យប្រតិភូកម្ពុជាជួបក្រុមហ៊ុនសហគ្រាសធំៗរបស់ខ្លួន ដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រីឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល បានបង្ហាញពីបំណងចង់ឱ្យគណៈប្រតិភូកម្ពុជាជួបពិភាក្សាជាមួយក្រុមហ៊ុនសហគ្រាសធំៗដែលមានសក្តានុពលខ្លាំងនៅប្រេស៊ីល ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីផែនការបេសកកម្មគោះទ្វារវិនិយោគទៅកាន់ប្រទេសប្រេស៊ីល និងបណ្តាប្រទេសសំខាន់ៗជុំវិញពិភពលោក ដើម្បីបង្ហាញពីសក្តានុពលពិតរបស់កម្ពុជា ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគិនប្រេស៊ីលបន្ថែមទៀត ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារ ដែលជាវិស័យបង្គោលមានតម្លៃបន្ថែមខ្ពស់។

ជាការឆ្លើយតប លោកស្រី Susan Kleebank ក្នុងនាមភាគីប្រេស៊ីល បានបង្ហាញនូវឆន្ទៈក្នុងការគាំទ្រ សម្របសម្រួលយ៉ាងពេញទំហឹងដល់បេសកកម្មគោះទ្វារវិនិយោគរបស់កម្ពុជានៅប្រេស៊ីល ដើម្បីឱ្យទទួលបានលទ្ធផលត្រចះត្រចង់។ លោកស្រី ក៏បានលើកឡើងអំពីក្រុមហ៊ុនសហគ្រាសធំៗមួយចំនួន ដែលមានសក្តានុពលខ្លាំងនៅប្រេស៊ីល ដែលគណៈប្រតិភូកម្ពុជាគួរជួបពិភាក្សាដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចយូរអង្វែង។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រីអនុរដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរវាងស្ថាប័នទាំងពីរ ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងប្រេស៊ីល នឹងមានការកើនឡើងជាបន្តបន្ទាប់ ប្រកបដោយបរិយាប័ន្ន និងផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន