ក្រុមហ៊ុន Nissan Motor Co បានបង្ហាញឲ្យដឹងថា ផែនការកាត់បន្ថយការងារទ្រង់ទ្រាយធំរបស់ខ្លួន ដែលបានប្រកាសជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះ អាចនឹងធ្វើឲ្យក្រុមហ៊ុនត្រូវចំណាយទឹកប្រាក់បន្ថែមដល់ ៦០ពាន់លានយ៉េន (ឬស្មើនឹង ៤១៨លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះ បានប្រកាសបេ្តជ្ញាកាត់បន្ថយកម្លាំងការងារចំនួន ២០ ០០០ នាក់ និងបិទរោងចក្រចំនួន ៧ នៅក្នុងចំណោមរោងចក្រសរុបទាំង ១៧ របស់ខ្លួន បន្ទាប់ពីបានរាយការណ៍អំពីការខាតបង់សរុបកើនឡើងដល់ ៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុ ដែលត្រូវបានបញ្ចប់ទៅកាន់ពីខែមីនា។
យ៉ាងណាមិញ បើតាមប្រធានផ្នែកហិរញ្ញវត្ថុ លោក Jeremie Papin បានបង្ហាញការប៉ាន់ស្មានថា វិធានការកាត់បន្ថយការងារ ក៏ដូចជាបិទរោងចក្រនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុន Nissan ត្រូវចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម រហូតដល់ ៤១៨លានដុល្លារ។
ជម្រាបជូនផងដែរថា នាយកប្រតិបត្តិលោក Ivan Espinosa ដែលបានឡើងកាន់តំណែងនេះ កាលពីខែមេសា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំង ក្នុងការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ វិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយ:ពេលជាច្រើនទសវត្ស។ ការលក់ចុះខ្សោយនៅទឹកដីសហរដ្ឋអាមេរិរក និងចិន ក៏ដូចជារថយន្តដើរមិនទាន់សម័យ បានធ្វើឲ្យ Nissan ធ្លាក់ចូលទៅក្នុងបន្ទុកយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះនូវប្រាក់ចំណេញ និងហ៊ុំព័ទ្ធទៅដោយបំណុល៕

