ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន BYD ត្រូវបានគេរាយការណ៍ថា បានទទួលជ័យជម្នះដ៏ធំបំផុតមួយ ទៅលើដៃគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Tesla សម្រាប់ការលក់រថយន្តបានច្រើនជាង នៅក្នុងទីផ្សារអឺរ៉ុប ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

ជុំវិញការលក់រថយន្តរបស់ក្រុមហ៊ុន BYD ដាច់ជាង Tesla នៅក្នុងទីផ្សារអឺរ៉ុប ជាលើកដំបូងនេះ ត្រូវបានកើតឡើង នៅចំពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានមើលឃើញពីការធ្លាក់ចុះនៃការលក់របស់ខ្លួនយ៉ាងគំហុក បន្ទាប់ពីមានការរិះគន់ជាច្រើន ជុំវិញសកម្មភាពពាក់ព័ន្ធទៅនឹងនយោបាយរបស់នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ។
ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពី JATO Dynamics បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនសរុបចំនួន ៧ ២៣០ គ្រឿង នៅក្នុងខែមេសា បើធៀបទៅនឹងរថយន្តចំនួន ៧ ១៦៥ គ្រឿង ដែលក្រុមហ៊ុន Tesla បានលក់ចេញ។
គួរឲ្យដឹងថា ការលក់រថយន្តថ្មីៗរបស់ Tesla នៅទីផ្សារអឺរ៉ុប បានធ្លាក់ចុះអស់ជិត ៥០% នៅក្នុងខែមេសា បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន ស្របពេលការលក់របស់ក្រុមហ៊ុន BYD វិញ ត្រូវបានមើលឃើញថាមានការកើនឡើងដល់ទៅ ១៦៩% នៅក្នុងរយ:ពេលដូចគ្នា។
ជម្រាបជូនផងដែរថា Tesla បានវាយលុកចូលទីផ្សារអឺរ៉ុប នៅឆ្នាំនេះ ដែលជាទីផ្សារធំបំផុតទីបីរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែបើយោងតាម JATO Dynamics បានបង្ហាញថាការលក់នៅអឺរ៉ុបរបស់ក្រុមហ៊ុនផលិតរថយន្ត EV ខ្នាតយក្សអាមេរិកមួយនេះ បានធ្លាក់ចុះ ៣០% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ បើទោះបីជាការលក់រថយន្ត EV សរុបរបស់អឺរ៉ុប មានការកើនឡើងក៏ដោយ៕

