ស្ងាត់ៗ ក្រុមហ៊ុនយក្សចិន BYD ផ្តួល Tesla របស់ Elon Musk ក្នុងការលក់រថយន្តដាច់ជាងនៅអឺរ៉ុប

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន BYD ត្រូវបានគេរាយការណ៍ថា បានទទួលជ័យជម្នះដ៏ធំបំផុតមួយ ទៅលើដៃគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Tesla សម្រាប់ការលក់រថយន្តបានច្រើនជាង នៅក្នុងទីផ្សារអឺរ៉ុប ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលក់រថយន្តរបស់ក្រុមហ៊ុន BYD ដាច់ជាង Tesla នៅក្នុងទីផ្សារអឺរ៉ុប ជាលើកដំបូងនេះ ត្រូវបានកើតឡើង នៅចំពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានមើលឃើញពីការធ្លាក់ចុះនៃការលក់របស់ខ្លួនយ៉ាង​គំហុក​ បន្ទាប់ពីមានការរិះគន់ជាច្រើន ជុំវិញសកម្មភាពពាក់ព័ន្ធទៅនឹងនយោបាយរបស់នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ។

ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពី JATO Dynamics បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនសរុបចំនួន ៧ ២៣០ គ្រឿង នៅក្នុងខែមេសា បើធៀបទៅនឹងរថយន្តចំនួន ៧ ១៦៥ គ្រឿង ដែលក្រុមហ៊ុន​ Tesla បានលក់ចេញ។

គួរឲ្យដឹងថា ការលក់រថយន្តថ្មីៗរបស់ Tesla នៅទីផ្សារអឺរ៉ុប បានធ្លាក់ចុះអស់ជិត ៥០% នៅក្នុងខែមេសា បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន ស្របពេលការលក់របស់ក្រុមហ៊ុន BYD វិញ ត្រូវបានមើលឃើញថាមានការកើនឡើងដល់ទៅ ១៦៩% នៅក្នុងរយ:ពេលដូចគ្នា។

​ជម្រាបជូនផងដែរថា Tesla បានវាយលុកចូលទីផ្សារអឺរ៉ុប នៅឆ្នាំនេះ ដែលជាទីផ្សារធំបំផុតទីបីរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែបើយោងតាម ​​JATO Dynamics បានបង្ហាញថាការលក់នៅអឺរ៉ុបរបស់ក្រុមហ៊ុនផលិតរថយន្ត EV ខ្នាតយក្សអាមេរិកមួយនេះ បានធ្លាក់ចុះ ៣០% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ បើទោះបីជាការលក់រថយន្ត EV សរុបរបស់អឺរ៉ុប មានការកើនឡើងក៏ដោយ៕