កូរ៉េខាងត្បូង ហាមឃាត់អតីតប្រធានាធិបតីស្តីទីពីររូប មិនឲ្យចាកចេញពីប្រទេស

អន្តរជាតិ

អតីតប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូងពីររូប គឺលោក Han Duck-soo និង Choi Sang-mok ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសនោះឡើយ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk-yeol ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែឧសភា បានដកស្រង់សម្តីប៉ូលិសរបស់ប្រទេសដែលបាននិយាយថា អតីតនាយករដ្ឋមន្ត្រី Han Duck-soo និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសឡើយ ខណៈពេលដែលពួកគេទាងពីរកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការដាក់ចេញច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ កាលពីចុងឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ទាំងលោក Han និងលោក Choi សុទ្ធតែត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Yoon Suk-yeol ត្រូវបានចោទប្រកាន់។ ប៉ុន្តែក្រោយមក អ្នកទាំងពីរបានលាលែងចេញពីតំណែងវិញ កាលពីថ្ងៃទី២ ខែឧសភា ដោយផ្តល់ឲ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Joo-ho ឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី ជំនួសវិញ។

យ៉ាងណាមិញ ជុំវិញការហាមប្រាមចំពោះការចាកចេញពីប្រទេសរបស់លោក Han និងលោក Choi នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងអំឡុងខែនេះ។

ជម្រាបជូនផងដែរថា យោងតាមក្រុមអ្នកស៊ើបអង្កេតបានដាក់ការសង្ស័យថា ទាំងលោក Han និងលោក Choi បានទទួលការណែនាំជាលាយលក្ខណ៍អក្សរពីលោក Yoon អំពីការប្រកាសចេញច្បាប់អាជ្ញាសឹកយ៉ាង​តក់​ក្រហល់​។ ប៉ុន្តែទោះ​ជាយ៉ាងណាក៏ដោយ បុរសទាំងពីរ បានបដិសេធជុំវិញការចោទប្រកាន់នេះ ដោយនិយាយថា ពួកគេមិនបានដឹងអំពីការសម្រេចចិត្តណាមួយរបស់អតីតប្រធានាធិបតីលោក Yoon ជាមុននោះទេ៕