(ក្រុងហេរុយសាឡឹម)៖ អ៊ីស្រាអែលបានប្រកាសថា ខ្លួនមានផែនការសម្រាប់បន្តធ្វើសង្គ្រាមជាមួយអ៊ឺរ៉ង់យ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ស្របពេលកន្លងទៅយោធារបស់ខ្លួន និងអាម៉េរិក បានទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបញ្ហាតម្លៃប្រេងឡើងថ្លៃជាសកលនៅតែជះឥទ្ធិពលជាអតិបរមា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី១៧ ខែមីនានេះ។

ការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានឈានចូលសប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។ ខណៈអ៊ឺរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់សម្រាប់ដឹកប្រេង និងឧស្ម័ន ២០ភាគរយ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃ និងបង្កក្តីបារម្ភអំពីការកើនឡើងនៃអតិផរណាសកល។
ចំពោះបញ្ហានៅចរាចរណ៍នៅច្រកសមុទ្រហ័រមូស ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ និងបានព្រមានអង្គការណាតូថា នឹងជួបអនាគត «អាក្រក់បំផុត» ប្រសិនបើសម្ព័ន្ធមិត្តមិនព្រមជួយទីក្រុងវ៉ាស៊ីនតោន។
ទោះបីជាយ៉ាងណាក៏ដោយ ម្សិលម៉ិញនេះមានសម្ព័ន្ធមិត្តអាម៉េរិកចំនួន២ ជប៉ុន និងអូស្ត្រាលី បានចេញមុខបដិសេធការស្នើររបស់លោក ត្រាំ ដោយមិនព្រមបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រហ័រមូសឡើយ ដោយលើកហេតុផលថាក្នុងកាលទេសនេះមិនគួរលូកដៃក្នុងជម្លោះនេះ ហើយសម្ព័ន្ធមិត្តទាំងអស់នឹងព្យាយាមជួយដោះស្រាយតាមរយៈការទូត ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា៕




