ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាលើកដំបូង កាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកនឹងងាកមកផ្តោតបន្ថែមទៀត លើមុខជំនួញរបស់ខ្លួន ជាពិសេសទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Investopedia ។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើងជិត ៧% នៅក្នុងការជួញដូរចុងក្រោយ នាពេលថ្មីៗនេះ ចំពេលមានការពន្យារពេលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើនពន្ធនាំចូលបន្ថែមទៅលើសហភាពអឺរ៉ុប ក៏ដូចជាមានការប្រកាសដកខ្លួនចេញពីឆាកនយោបាយរបស់ មហាសេដ្ឋី Elon Musk ផងដែរ។
នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាសង្គម X កាលពីចុងសប្តាហ៍មុន លោក Musk បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងវិលត្រលប់ទៅធ្វើការ ២៤ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងមុខជំនួញរបស់ខ្លួនទាំងស្រុងវិញ ពោលគឺនឹងឈប់ពាក់ព័ន្ធជាមួយការងារនៅក្នុងទីភ្នាក់ងារ DOGE ទៀតហើយ។
ទន្ទឹមនឹងនេះ លោក Musk បាននិយាយថា ៖” ខ្ញុំត្រូវតែងាកមកផ្តោតឲ្យកាន់តែខ្លាំងលើ X ក៏ដូចជា xAI , Tesla និងជាពិសេសជុំវិញការបើកដំណើរការយាន Starship នៅសប្តាហ៍ក្រោយ ដោយសារតែយើងមានបច្ចេកវិទ្យាសំខាន់ៗ កំពុងដំណើរការ”។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសនេះ ហាក់ផ្តល់ទំនុកចិត្តឲ្យក្រុមវិនិយោគិនរបស់ក្រុមហ៊ុនឡើងវិញ បន្ទាប់ពីលោក Musk កន្លងមក បានចំណាយពេលយ៉ាងច្រើន នៅក្នុងទីភា្នក់ងារ DOGE ជាជាងដំណើរការក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដែលធ្វើឲ្យ Tesla បាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ខណ:ការលក់នៅអឺរ៉ុប បន្តដាំក្បាលចុះ រយ:ពេលបួនខែជាប់ៗគ្នា ផងដែរ៕

