អ្នកជំនាញព្រមានថា កម្រិតប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នៅតំបន់អាស៊ី កាន់តែជិតអស់ហើយ

អន្តរជាតិ

យោងតាមអ្នកជំនាញ បានធ្វើការព្រមានថា នៅក្នុងតំបន់អាស៊ី កម្រិតប្រេងឥន្ធនៈដែលអាចប្រើប្រាស់បាន គឺកាន់តែជិតអស់ហើយ ខណៈពេលដែលស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា ហាក់នៅមិនទាន់អាចដោះស្រាយបាននៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Jeff Currie ប្រធានយុទ្ធសាស្រ្តនៅក្រុមហ៊ុនឯកជន Carlyle Group និងជាសហប្រធានក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មទំនិញ Abaxx Markets បាននិយាយថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នៅក្នុងតំបន់អាស៊ី កាន់តែប្រឈមមុខទៅនឹងវិបត្តិ ខណៈពេលដែលសហភាពអឺរ៉ុបនៅសល់ប្រហែលមួយខែទៀត ស្របពេលសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនប្រឈមមុខទៅនឹងបញ្ហនេះ នៅក្នុងខែកក្កដាខាងមុខ។

អ្នកជំនាញរូបនេះ បានបន្ថែមថា អឺរ៉ុបកំពុងទទួលបានប្រេងពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (SPR) ប៉ុន្តែរឿងនេះមិនអាចស្ថិតស្ថេរបានទេ។ យោងតាមទិន្នន័យរបស់ Kpler បានបង្ហាញថា ការដឹកជញ្ជូនរបស់ SPR ថ្មីៗនេះ ត្រូវបានកំណត់សម្រាប់គោលដៅចម្បងមួយចំនួនប៉ុណ្ណោះ។

យ៉ាងណាមិញ លោក Jeff Currie បានកត់សម្គាល់ថា តួលេខស្តុកប្រេងសកលអាចធ្វើឲ្យមានការភាន់ច្រឡំ ដោយសារប្រេងស្តុកទុកភាគច្រើន បច្ចុប្បន្នមិនអាចយកមកប្រើប្រាស់បានភ្លាមៗនោះឡើយ ពោលគឺដើម្បីរក្សាប្រតិបត្តិការនៃការប្រើប្រាស់ប្រេងដែលស្តុកទុកតាមបំពង់បង្ហូរប្រេង និងប្រព័ន្ធផ្ទុកទាំងនោះ ប្រកបដោយសុវត្ថិភាព។

គួរជម្រាបជូនផងដែរ តំបន់អាស៊ីរងផលប៉ះពាល់ខ្លាំងបំផុត ដោយទទួលបានប្រេង ៨០% តាមរយៈច្រកសមុទ្រ Hormuz ដែលបង្ខំឱ្យប្រទេសមួយចំនួនត្រូវស្វែងរកមធ្យោបាយដើម្បីទប់ទល់នឹងវិបត្តិនេះ៕​