ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសកាណាដា នឹងចាំបាច់ត្រូវផ្តល់វិភាគទានចំនួន ៦១ពាន់លានដុល្លារ ដើម្បីចូលរួមនៅក្នុងប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome ប៉ុន្តែប្រសិនបើពួកគេយល់ព្រមចូលជារដ្ឋទី៥១ របស់អាមេរិក នោះពួកគេនឹងទទួលបានវាដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែឧសភាថា ៖” កាណាដាចង់ចូលរួមជាមួយគម្រោងខែល Golden Dome ដ៏អស្ចារ្យរបស់យើង។ ខ្ញុំបានប្រាប់ទៅកាន់ពួកគេថា វានឹងត្រូវការចំណាយអស់ ៦១ពាន់លានដុល្លារ ដើម្បីចូលរួមក្នុងគម្រោងនេះ។ ប៉ុន្តែពួកគេនឹងមិនត្រូវចាំបាច់ចំណាយអ្វីទាំងអស់ ប្រសិនបើពួកគេក្លាយជារដ្ឋទី៥១ របស់អាមេរិកនោះ”។
គួរឲ្យដឹងផងដែរថា ប្រព័ន្ធការពារគ្រាប់មីស៊ីល Golden Dome ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារសហរដ្ឋអាមេរិក ពីអាវុធជាច្រើនប្រភេទរបស់សត្រូវ។ ផែនការនេះ ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់សរុបអស់ប្រហែល ១៧៥ពាន់លានដុល្លារ ហើយនឹងដាក់ដំណើរការចាប់ពីឆ្នាំ២០២៩ ដែលជាពេលអាណត្តិរបស់លោក ត្រាំ ត្រូវបញ្ចប់។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានលាតត្រដាងកាលពីសប្តាហ៍មុនថា ប្រទេសកាណាដា មានចេតនាចង់ចូលរួមក្នុងប្រព័ន្ធនេះ។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ក៏បានបញ្ជាក់ពីព័ត៌មាននេះវិញផងដែរ ដោយនិយាយថា ភាគីទាំងពីរបានជួបពិភាក្សាកម្រិតខ្ពស់អំពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍខែលការពារគ្រាប់មីស៊ីល “Golden Dome” រួមគ្នា។
ជម្រាបជូនថា ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងសេតវិមានវិញ កាលពីក្នុងខែមករាមក លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀតឲ្យប្រទេសកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិក និងក្លាយជារដ្ឋទី៥១។ ការអត្ថាធិប្បាយទាំងនេះបានរួមចំណែកដល់ការកើនឡើងភាពតានតឹងទ្វេភាគី បន្ទាប់ពីលោក ត្រាំ បានរឹតបន្តឹងលើការគ្រប់គ្រងព្រំដែនជាមួយប្រទេសកាណាដា និងបានដាក់ពន្ធនាំចូលយ៉ាងធ្ងន់ធ្ងរ។
ប៉ុន្តែក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់សេតវិមានកាលពីដើមខែនេះ នាយករដ្ឋមន្ត្រី លោក Mark Carney បានច្រានចោលនូវសំណើរបស់លោក ត្រាំ ហើយសង្កត់ធ្ងន់ថាប្រទេសកាណាដាមិនមែនសម្រាប់លក់នោះទេ៕

