ក្រុមហ៊ុន Trump Organization ដែលជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍មកថានឹងចាប់ផ្តើមបើកការដ្ឋាន ទៅលើគម្រោងដែលមានតម្លៃរហូតដល់ទៅ ១,៥ពាន់លានដុល្លារ នៅថ្ងៃទី២១ ខែឧសភានេះ ខណ:ក៏មានការចូលរួមសំណាក់លោក Eric Trump ក្នុងចំណោមភ្ញៀវពិសេសផ្សេងទៀត ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

គម្រោងដ៏ធំបំផុតមួយ ដែលលាតសន្ធឹងលើផ្ទៃដី ៩៩០ ហិកតា ស្ថិតនៅក្នុងខេត្ត Hung Yen ដោយក្នុងនោះរួមមានការសាងសង់សណ្ឋាគារ រមណីយដ្ឋាន ទីលានវាយកូនហ្គោល និងលំនៅឋានបែបទំនើបផងនោះ ទើបតែត្រូវបានរដ្ឋាភិបាលវៀតណាម សម្រេចអនុម័ត កាលពីថ្ងៃទី១៧ ខែឧសភា។
យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Eric Trump ដែលជាកូនប្រុសរបស់ប្រធានាធិបតី លោក ត្រាំ និងគណៈប្រតិភូមកពីក្រុមហ៊ុន Trump Organization ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋាន និងពិភាក្សាជាមួយមន្ត្រីក្នុងតំបន់ លើសំណើសាងសង់ប៉មនៅក្នុងតំបន់ Thu Thiem នៃរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេស។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងរវាង Trump Organization និងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen រួមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម Kinh Bac City ដែលជាដៃគូវិនិយោគក្នុងស្រុក ត្រូវបានប្រកាសឡើងកាលពីឆ្នាំមុនមកម្លេះ សម្រាប់ការអភិវឌ្ឍរមណីយដ្ឋានដែលនឹងរួមបញ្ចូលទាំងសណ្ឋាគារលំដាប់ផ្កាយប្រាំ ទីលានវាយកូនហ្គោល និងលំនៅដ្ឋានបែបប្រណីតៗ៕

