កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។នេះបើយោងតាមសំណេររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី បានសរសេរថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើអោយប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាអោយមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស?
សម្តេចបន្តថា៖«ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល»។
សម្តេចបន្តថា៖« រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឲ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមអោយសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន»។
សម្តេចមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។

ក្នុងន័យនេះ សម្តេចសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។ ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
ជាថ្មីម្តងទៀត សម្តេចបានបញ្ជាក់ថា ៖«ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។
ហេតុដូច្នេះ សម្តេចក៏សូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ សម្តេចក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ ហ្សាលីន


