ក្រសួងប្រាប់ម្ចាស់រថយន្ត កុំយកលេសប្រមូលផ្ដុំស្នើសុំលើកលែងលក្ខខណ្ឌកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមអំពាវនាវឱ្យម្ចាស់យានយន្ត គ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ កុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចមុនអាយុកាលកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងលិខិតមួយទំព័រចេញផ្សាយនៅយប់ថ្ងៃទី៧ កក្កដានេះ ក្រសួងសាធារណការ ស្នើឲ្យមានស្មារតីយោគយល់ អធ្យាស្រ័យ និងសហការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ប្រកបដោយ ការ ទទួល ខុសត្រូវខ្ពស់។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី០៦ កក្កដាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ ដោយអនុញ្ញាត​អោយ​រថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយ​​មិនចាំបាច់​​កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវ​ទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាត​អោយមានការនាំចូលបន្ត​​នូវ​ឡាន​​ចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែល​បានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ។

គួររំលឹកថា គិតចាប់ពីថ្ងៃបើកយុទ្ធនាការកាលដើមខែកញ្ញា ឆ្នាំ២០២១ មកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជា​ថ្ងៃ​បិទ​យុទ្ធនាការ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើរថយន្តគ្មាន​ពន្ធជ្រកក្រោម​ផ្លាកលេខផ្សេងៗ បានជិត​១ម៉ឺនគ្រឿង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ។

ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ជិត៣ពាន់គ្រឿង និង រថយន្ត​ចង្កូត​ស្តាំ​ដែលបានមកតម្កល់ប្រាក់កក់មានចំនួន ជិត៧ពាន់គ្រឿង៕