សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យ លោក Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី ជំរុញបន្ថែមទៀតឱ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ។

ការជំរុញបែបនេះរបស់សម្តេចតេជោ ធ្វើឡើងក្នុងជំនួបជាមួយ លោក Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី នាថ្ងៃទីទី២៧ ខែឧសភា ឆ្នាំ២០២៥។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។ សម្ដេចសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត និយាយជារួម គឺទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ។
សម្ដេចតេជោ ក៏បានលើកពីគុណបំណាច់របស់រុស្ស៊ី ដោយបញ្ជាក់ថា រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេស ក្នុងអំឡុងពេលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដែលរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា ។ បន្ថែមលើនោះ រុស្ស៊ី ក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះ ធនធានមនុស្សកម្ពុជា ដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី បានត្រឡប់មកកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាគុណបំណាច់ដែលសម្ដេចតេជោបញ្ជាក់ថា កម្ពុជា ចងចាំជានិច្ច ។

លើសពីនេះ សម្ដេចតេជោ ក៏បានលើកឡើងពីការពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ពោល គឺ សម្ដេចបានស្នើ ហើយក៏ដូចជាជំរុញបន្ថែមទៀតឱ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ សម្ដេចបានបញ្ជាក់ថា នៅពេលដែលរុស្ស៊ី មានជើងហោះហើរត្រង់មកកាន់កម្ពុជា នឹងកាន់តែជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើនទេសចរណ៍ផងដែរ ។
សម្តេចតេជោ ក៏បានលើកឡើងឱ្យយកចិត្តទុកដាក់ទៅលើការជំរុញសេដ្ឋកិច្ច ដូចជា ការធ្វើវិនិយោគ ពាណិជ្ជកម្មជាមួយគ្នាឱ្យបានមានការកើនឡើងបន្ថែមទៀត ។
ជាការឆ្លើយតប លោកអគ្គរដ្ឋអាជ្ញារបស់រុស្ស៊ី បានសន្យាជាមួយសម្ដេចតេជោ ដោយនឹងនាំនូវពាក្យពេចន៍របស់សម្ដេចតេជោដែលបានជជែកគ្នានៅពេលនេះ ជូនចំពោះលោកប្រធានាធិបតីរុស្ស៊ី ផ្ទាល់ ជាពិសេស គឺការសួរសុខទុក្ខ និងជំហររបស់សម្ដេចតេជោ នៅក្នុងការដឹកនាំ ជាពិសេស ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទាក់ទងទៅនឹងជើងហោះហើរ លោកអគ្គរដ្ឋអាជ្ញា ក៏ជម្រាបជូនសម្ដេចតេជោថា នឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់រុស្ស៊ី ធ្វើយ៉ាងណាជម្រុញឱ្យមានការហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជា ឱ្យបានឆាប់ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនហោះហើររបស់រុស្ស៊ី និងសិក្សាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការហោះហើរត្រង់ ពីរុស្ស៊ី មកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់ ដើម្បីធ្វើយ៉ាងណា ជំរុញអ្នកដំណើរ ក៏ដូចជាការដោះដូរទេសចរណ៍រវាងប្រទេសទាំងពីរទៅវិញទៅមក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕


