ភ្លាមៗក្រោយពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ននេះ បានអំពាវនាវដល់សប្បុរសជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមានទ្រព្យធននៅក្នុងស្រុកដែលមានចិត្ដចង់ជួយផ្ដល់ជាកម្លាំងចិត្ដ គ្រឿងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ពីសំណាក់សត្រូវឈ្លានពាន, លោកឧកញ៉ា យឹម តាស្រង់ និងលោកជំទាវ បាននាំយកនូវថវិកា ក៏ដូចជាទឹកយិនស៊ីនម៉ាក់អ៊ីអ៊ី ជូនដល់កងទ័ពផងដែរ។

នៅលើបណ្ដាញសង្គមផ្លូវការរបស់លោកឧកញ៉ា យឹម តាស្រង់ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា « ថ្ងៃនេះខ្ញុំបាទ យឹម តាស្រង់ និងភរិយាបានធ្វើដំណើរមកដល់ខេត្តព្រះវិហារ រួមជាមួយបងប្អូនពួកខ្ញុំ ដែលជាមេបោះដុំធំៗរបស់ក្រុមហ៊ុនទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី និងប្អូនស្រីពិដោរព្រមទាំងស្វាមី»។
លោកឧកញ៉ា បានបន្ដថា «ថ្ងៃនេះខ្ញុំបាទ និងភរិយាបាននាំមកនូវទឹកយិនស៊ិន ម៉ាក់អ៊ីអ៊ី ចំនួន៥០០កេស (ស្មើរនឹងទឹកប្រាក់ $19000 ) រួមទំាងថវិកា៥លានរៀល រីឯប្អូនស្រីពិដោរនិងស្វាមី មេបោះដុំធំទឹកយុនស៊ិនម៉ាក់អ៊ីអ៊ី ក៏បានឧបត្ថម្ភថវិការ២លានរៀលផងដែរ»។
តាមការបញ្ជាក់របស់លោកឧកញ៉ា ទឹកប្រាក់ និងទឹកយិនស៊ិនដែលនាំមកជូនដល់កងទ័ពនាពេលនេះ បើសរុបជាថវិកាទាំងអស់ជាង 2 ម៉ឺនដុល្លារ។
ស្ថិតនៅក្នុងស្មារតីគាំទ្រឥតងាករេដល់កងទ័ពជួរមុខ លោកឧកញ៉ា យឹម តាស្រង់ បានគូសបញ្ជាក់ថា «ក្នុងនាមពួកយើងជាពលរដ្ឋខ្មែរដែលរស់ក្រោមដំបូលសន្តិភាព សូមគោរពដឹងគុណ និងមានតែការចូលរួមចំណែកលើកទឹកចិត្តតាមលទ្ធភាព ទោះតិចក្កី ច្រើនក្តី ដោយសេចក្កីរំភើប រីករាយ ចំពោះកងទ័ពដ៏អង់អាចក្លាហានក្នុងការ ការពារបូរណភាពទឹកដីរបស់ខ្មែរយើង»៕












