ឧកញ៉ា ហេង វ៉ាន់ដា រៀបចំពិធីប្រកាសជាផ្លូវការ ប្រែក្លាយវិទ្យាស្ថានវ៉ាន់ដា ទៅជាសាកលវិទ្យាល័យវ៉ាន់ដា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង វ៉ាន់ដា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសជាផ្លូវការ ការប្រែក្លាយវិទ្យាស្ថាន វ៉ាន់ដា ទៅជាសាកលវិទ្យាល័យវ៉ាន់ដា នៅទីតាំងគោលនៃសាកលវិទ្យាល័យវ៉ាន់ដា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រកាសជាផ្លូវការខាងលើនេះ មានការចូលរួមពីដៃគូសហការ បុគ្គលិក សាស្ត្រាចារ្យ និងសិស្សនិស្សិតជាច្រើនរូបផងដែរ។ ដោយឈរលើភាពទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សា រយៈពេល ២៤ឆ្នាំកន្លងមក ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា, ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា និងដៃគូសហការអន្តរជាតិ ជាពិសេសពីសំណាក់អាណាព្យាបាលនិស្សិត អ្នកសិក្សាគ្រប់កម្រិត វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ បានធ្វើការបោះជំហានយ៉ាងធំ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដោយប្រែក្លាយពី វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ ទៅជាសាកលវិទ្យាល័យវ៉ានដា។

ឧកញ៉ា ហេង វ៉ាន់ដា បានថ្លែងថា៖ «សាកលវិទ្យាល័យវ៉ានដា ដែលពីមុនជា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបង្កើតឡើងនៅឆ្នាំ២០០០ ហើយបច្ចុប្បន្ននេះមានទីតាំង៣កន្លែងកំពុងដំណើរ ក្នុងនោះមួយកន្លែងនៅរាជធានីភ្នំពេញ និង២កន្លែងទៀតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ ចាប់ពីឆ្នាំ២០០០ មកដល់ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៩៧១នាក់ (ស្ត្រីចំនួន ៣៨១នាក់) និងមាននិស្សិតកំពុងសិក្សាសរុបចំនួន ១០,៨៧៦នាក់ ក្នុងនោះនារីចំនួន ៩,៨៣៥នាក់។ បើគិតចាប់ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន និស្សិតបានបញ្ចប់ការសិក្សាមានចំនួនសរុប ៥៤,១០០នាក់ ក្នុងនោះនារីចំនួន ៤៨,០៥៩នាក់»។

សូមជម្រាបថា វិទ្យាស្ថានវ៉ាន់ដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដែលមានឈ្មោះថាមជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា។ មជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា ត្រូវបានផ្លាស់ប្ដូរឈ្មោះជាផ្លូវការ ទៅជាវិទ្យាស្ថានវ៉ាន់ដា នៅក្នុងឆ្នាំ២០០០។ សាកលវិទ្យាល័យវ៉ាន់ដា មានចក្ខុវិស័យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ ក្នុងវិស័យគណនេយ្យ សវនកម្ម ពន្ធដារ ជំនាញអាជីវកម្ម និងភាសាបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕