រដ្ឋមន្ត្រី ជំរុញឱ្យអ្នកឧកញ៉ា គិត ម៉េង លើកកម្ពស់ប្រសិទ្ធភាពការងារសភាពាណិជ្ជកកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ រយៈពេល៣ឆ្នាំទៀត ខណៈដែលលោកបានដឹកនាំសភាពាណិជ្ជកម្មអស់រយៈ ១២ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់អាណត្តិថ្មីនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអ្នកឧកញ៉ា គិត ម៉េង លើកកម្ពស់ប្រសិទ្ធភាពការងារសភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យកាន់តែល្អប្រសើ ហើយត្រូវខិតខំស្វែងរកនិងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

លើកឡើងនៅក្នុងពិធីបិទការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិតាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។

ថ្លែងនៅក្នុងឱកាសនោះ លោកក៏បានណែនាំឱ្យសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជ-កម្មកម្ពុជា នៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា។

បន្ថែមទៅលើនេះ បន្តពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មដល់ខេត្ត ដែលស្ថិតនៅក្រោមចំណុះមណ្ឌលសភាពាណិជ្ជកម្មខេត្តដទៃ ដើម្បីជួយជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តគោលដៅទាំងនោះ ក៏ដូចជាលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការឈានទៅរកចំណាត់ថ្នាក់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណាត់ថ្នាក់ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕