ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភ្លាមៗថា លោកកំពុងដកមហាសេដ្ឋី Jared Isaacman ដែលជាមិត្តដ៏ជំនិតម្នាក់របស់លោក Elon Musk ចេញពីបញ្ជីបេក្ខភាព ជានាយកអង្គការ NASA ដោយមិនប្រាប់ពីមូលហេតុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមិថុនាថា ៖”បន្ទាប់ពីមានការពិចារណាយ៉ាងយកចិត្តទុកដាក់លើទំនាក់ទំនងកន្លងមក ខ្ញុំនឹងដកលោក Jared Isaacman ចេញពីបេក្ខភាពដឹកនាំអង្គការ NASA “។
ជុំវិញការដកលោក Isaacman ភ្លាមៗរបស់ប្រធានាធិបតីអាមេរិក ចេញពីបញ្ជីបេក្ខភាពជានាយករដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ (NASA) នេះ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:បេក្ខភាពរបស់លោក Isaacman នៅក្នុងតំណែងនេះ ត្រូវបានស្នើឡើងដោយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ផ្ទាល់។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ ទាំងលោក ត្រាំ និងសេតវិមាន មិនទាន់មានការពន្យល់អ្វីបន្ថែមនោះឡើយ។
ជម្រាបជូនថា រដ្ឋបាល ត្រាំ មិនបានប្រកាសបេក្ខភាពថ្មីដើម្បីជំនួសលោក Isaacman នៅឡើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជាច្រើនបានបង្ហើបថា ប្រធានាធិបតីអាមេរិក កំពុងពិចារណាតែងតាំងឧត្តមសេនីយចូលនិវត្តន៍ លោក Steven Kwast ឲ្យមកទទួលបន្ទុកដឹកនាំអង្គការ NASA ជំនួស៕

