ក្មួយប្រុសលោក ថាក់ស៊ីន ត្រូវបានជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

អន្តរជាតិ

គណបក្សភឿថៃ បានស្នើបេក្ខជននាយករដ្ឋមន្ត្រីចំនួនបីរូប សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយក្នុងនោះមានម្នាក់ជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai Enquirer។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៦ ខែធ្នូនេះ គណបក្សភឿថៃ បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ជាមួយនឹងពាក្យស្លោកថា “ចាប់ផ្តើមប្រទេសថៃឡើងវិញ-ភឿថៃនឹងអាចធ្វើវាបាន” ដែលជាសញ្ញានៃការរស់ឡើងវិញនៃគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗរបស់គណបក្សក្នុងការរៀបចំសម្រាប់ការបោះឆ្នោតទូទៅនាខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

មិនតែប៉ុណ្ណោះ នេះក៏ត្រូវបានចាត់ទុកថាជាឱកាសមួយសម្រាប់គណបក្សភឿថៃ ដើម្បីប្រកាសពីបេក្ខជនបីរូបរបស់ខ្លួន សម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត ក៏ដូចជាគោលនយោបាយស្នូលរបស់ខ្លួន ផងដែរ។

យ៉ាងណាមិញ ក្នុងចំណោមនោះ បេក្ខជនដ៏លេចធ្លោបំផុតមួយរបស់បក្សភឿថៃ គឺលោក Yodchanan Wongsawat វ័យ ៤៦ឆ្នាំ ដែលត្រូវជាក្មួយប្រុសរបស់លោក ថាក់ស៊ីន។ លោក Yodchanan គឺជាកូនប្រុសច្បងរបស់អតីតននាយករដ្ឋមន្ត្រី លោក Somchai Wongsawat លោកលោកស្រី Yaowapha Wongsawat ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន។

គួរឲ្យដឹងផងដែរថា លោក Yodchanan ទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យតិចសាសនៅអាលីងតុន ហើយត្រូវបានគេស្គាល់ដោយសារការស្រាវជ្រាវរបស់លោក លើបច្ចេកវិទ្យាខួរក្បាលកុំព្យូទ័រ (BCI)។ ពីមុនលោក ក៏ធ្លាប់បានឈរឈ្មោះបោះឆ្នោតនៅខេត្តឈៀងម៉ៃ ហើយត្រូវបានចាត់ទុកថាជាតំណាងនៃជំនាន់ថ្មី នៅក្នុងគណបក្សភឿថៃ ផងដែរ។

ជម្រាបជូនថា សម្រាប់បេក្ខជនពីរនាក់ទៀតរបស់គណបក្សភឿថៃគឺលោក Julapun Amornvivat មេដឹកនាំគណបក្ស និងលោក Suriya Juangroongruangkit ដែលជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន៕​