លោក ត្រាំ បង្ហើបថាសង្គ្រាមប្រឆាំងទៅនឹងអ៊ីរ៉ង់ អាចបន្លាយពេលដល់ ៤សប្តាហ៍

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករថាយុទ្ធនាការវាយប្រហារប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់ អាចនឹងមានរយៈពេលប្រហែល ៤សប្តាហ៍ ដោយអះអាងថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងមិនមានការលំបាកខ្លាំង នៅក្នុងរក្សាការប្រយុទ្ធនេះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយទៅក្នុងបទសម្ភាសជាមួយ Daily Mail កាលពីថ្ងៃទី១ ខែមីនាថា ៖” ដំណើរការនេះនឹងចំណាយពេលប្រហែលមួយសប្តាហ៍ ឬអាចតិចជាងនេះ។ យើងរំពឹងថាវានឹងចំណាយពេលយូរបន្តិច ពីព្រោះអ៊ីរ៉ង់ជាប្រទេសធំ​មួយដែលមានសមត្ថភាពយោធាខ្លាំង”។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានអះអាងទៀតថា មន្ទីរបញ្ចកោណនៅតែរក្សាកងកម្លាំង មីស៊ីល និងគ្រាប់បែកគ្រប់គ្រាន់ដើម្បីបន្តការវាយប្រហារយោធាប្រសិនបើចាំបាច់ ដោយវាយតម្លៃថាយុទ្ធនាការបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់នឹងមិនជួបប្រទះការលំបាកនោះឡើយ។

លើសពីនេះមេដឹកនាំសេតវិមាន ក៏បានបញ្ជាក់ផងដែរថា មន្ត្រីអ៊ីរ៉ង់ចង់ចរចាជាមួយលោក ហើយលោកបានយល់ព្រមផងដែរ ប៉ុន្តែមិនបានបង្ហាញថា តើការពិភាក្សាបែបនេះនឹងកើតឡើងនៅពេលណាមួយឆាប់ៗនេះទេ។

ជម្រាបជូនថា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួន។ សហរដ្ឋអាមេរិកបានអះអាងថា មេដឹកនាំយោធា និងមេបញ្ជាការអ៊ីរ៉ង់ចំនួន ៤៨ នាក់ត្រូវបានសម្លាប់ រួមទាំងមេដឹកនាំកំពូល អាលី ខាមេនី (Ali Khamenei) ផងដែរ៕​