រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចហាមឃាត់ការនាំចេញទំនិញអាចប្រើប្រាស់បានពីរយ៉ាង (Dual-Use) របស់ខ្លួន ទៅកាន់ក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន ២០ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់មហិច្ឆិតារបស់ទីក្រុងតូក្យូ សម្រាប់បម្រើក្នុងវិស័យយោធា និងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ខ្លួនកំពុងដាក់ចេញនូវការរឹតត្បិតចំពោះការនាំចេញលើក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន ២០ ដោយចោទប្រកាន់អាជីវកម្ម និងអង្គភាពទាំងនេះថាបានជួយបង្កើនសមត្ថភាពយោធារបស់ជប៉ុន។
យ៉ាងណាមិញ បុត្រសម្ព័ន្ធជាច្រើនរបស់ក្រុមហ៊ុនខ្នាតយក្ស Mitsubishi Corporation រួមទាំងបណ្ឌិត្យសភាការពារជាតិ និងទីភ្នាក់ងាររុករកអវកាសជប៉ុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរឹតបន្តឹងការនាំចេញដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។
ជុំវិញការរឹតបន្តឹងនេះ មានន័យថាក្រុមហ៊ុនរបស់ចិន ត្រូវតែបញ្ឈប់ការនាំចេញទំនិញប្រើប្រាស់បានពីរយ៉ាង ទៅកាន់អង្គភាពដែលបានចុះឈ្មោះចូលបញ្ជី និងហាមឃាត់ ឬបុគ្គលបរទេស ពីការផ្ទេរ ឬផ្គត់ផ្គង់ទំនិញប្រភេទនេះ ដែលមានប្រភពមកពីប្រទេសចិន ទៅកាន់ក្រុមហ៊ុនជប៉ុនទាំងនោះ។
ជម្រាបជូនថា ទំនិញប្រើប្រាស់បានពីរយ៉ាង គឺជាទំនិញដែលអាចប្រើប្រាស់សម្រាប់គោលបំណងស៊ីវិល និងយោធា។ ហើយយ៉ាងណាមិញ ចំពោះអង្គភាពពាក់ព័ន្ធត្រូវតែទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មចិនក្នុងករណីពិសេសដែលការនាំចេញត្រូវបានចាត់ទុកថាចាំបាច់បំផុត៕

