កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ត្រូវបានគេស្គាល់ថាជាអ្នកនិយមប្រមូលទិញរថយន្តទំនើបៗ និងកម្របំផុតមួយរូបនៅលើពិភពលោក ដែលនៅក្នុងឃ្លាំងរបស់លោក ត្រូវបានគេរាយការណ៍ថាមានរថយន្តសរុបដល់ទៅជាង ៤០ គ្រឿងឯណោះ ដោយគិតជាទឹកប្រាក់រាប់រយលានដុល្លារ។

Ronaldo មានរថយន្តហាយភើខាដ៏កម្រ និងថ្លៃបំផុត Bugatti ចំនួន ៣ គ្រឿង ដែលក្នុងនោះរួមមាន Bugatti Centodieci មានតម្លៃប្រហែល ១០លានដុល្លារ , Bugatti Chiron មានតម្លៃប្រហែល ៣,៣លានដុល្លារ និង Bugatti Veyron Grand Sport Vitesse មានតម្លៃប្រហែល ២លានដុល្លារ។
Ronaldo ក៏មានរថយន្ត Ferrari Monza SP1 & SP2 ដែលជាម៉ូដែលកម្រ មានតម្លៃប្រហែលពី ២ ទៅ ៣លានដុល្លារ រួមទាំង Ferrari F12 TDF , Ferrari Purosangue , Ferrari 599 GTO និង Ferrari SF90 Spider ។
ក្រៅពីនោះ Ronaldo ត្រូវបានគេរាយការណ៍ថា ចូលចិត្តប្រើប្រាស់រថយន្ត Rolls-Royce ដែលក្នុងនោះរួមមានរថយន្ត Rolls-Royce Dawn , Rolls-Royce Cullinan និង Rolls-Royce Phantom Drophead។
លើសពីនេះ ខ្សែប្រយុទ្ធសញ្ជាតព័រទុយហ្គាល់ ក៏ជាម្ចាស់នៃរថយន្ត McLaren Senna ដែលមានតម្លៃប្រហែល ១,៥លានដុល្លារ រថយន្ត Lamborghini Aventador LP 700-4 , Mercedes-AMG G63 Cabriolet មានតម្លៃជាង ១,៣លានដុល្លារ និងរថយន្តកែច្នៃ Brabus G V12 900 ផងដែរ៕

