ចម្ការតាខ្នា (Chamka Ta Kna) របស់លោកឧកញ៉ា លីម ប៊ុណ្ណា ទំហំជិត ៧៥ហិកតា នៅខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

វិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អនេះ បានបញ្ជាក់ថា ចម្ការតាខ្នា របស់លោកឧកញ៉ា លីម ប៊ុណ្ណា ប្រភេទដំណាំឈើហូបផ្លែ (ល្ម៉ើ) លើទំហំផ្ទៃដីផលិតកម្ម ៧៤,៤៤ ហិកតា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌតម្រូវនៃការចុះបញ្ជីជាកសិដ្ឋាន ឬចំការអនុវត្តកសិកម្មល្អកម្ពុជា ស្របតាមប្រកាសលេខ ០៩៩ ប្រក.កសក ស្តីពីការដាក់ឱ្យប្រើប្រាស់វិធាននៃការអនុវត្តកសិកម្មល្អក្នុងការងារផលិតកម្មផ្លែឈើ និងបន្លែស្រស់។ វិញ្ញាបនបត្រនេះ មានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៧។
លោកស្រី ថុង ធីតា ភរិយាលោកឧកញ៉ា លីម ប៊ុណ្ណា បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែឧសភាថា៖ “ចម្ការតា បានទទួលវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ពីក្រសួងកសិកម្ម។ គ្រប់ដំណាំរបស់តាតែងតែគិតពីសុខភាពរបស់បងប្អូន ទទួលទានផ្លែឈើ ដែលដឹងពីប្រភពច្បាស់លាស់មិនប៉ះពាល់ដល់សុខភាពលោកអ្នក ចម្ការតាខ្នា – Chamka Ta Kna”។
ចម្ការតាខ្នា កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេស មន្រ្តីគ្រប់ជាន់ថ្នាក់ ដោយសារតែគំនិតច្នៃប្រឌិត ប្រកបដោយភាពប៉ិនប្រសព្វ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានអញ្ជើញចុះទៅទស្សនកិច្ចចម្ការនេះផងដែរ។ ចម្ការតាខ្នា មានទីតាំងស្ថិតនៅរួមជាមួយ រីសត អិលប៊ីអិនកែងគោលស្ទោង (LBN Kengkul Stoung Resort) នៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចន្លោះគីឡូម៉ែត្រទី ២២៤ (កែងគោល) ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា លោកឧកញ៉ា លីម ប៊ុណ្ណា ស្ថាបនិកនៃ «ចម្ការតាខ្នា» គឺជាអគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ដែលជាក្រុមហ៊ុនបណ្ដុំទៅដោយអាជីវកម្មជាច្រើនរួមមាន អចលទ្រព្យ និងសំណង់, វិស័យកសិកម្ម និងឧស្សាហកម្ម, ការដឹកជញ្ជូន និងនាំចេញនាំចូល, ស្ថានីយប្រេងឥន្ធនៈ និងមីនីម៉ាត, ភោជនីយដ្ឋាន និងហាងកាហ្វេ, សណ្ឋាគារ និងស្កាយបារ, ក្លឹបបាល់ទាត់, ម៉ាស្សា ស្បារ និងខេធីវី, រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍ និងសហគ្រាសកែច្នៃផ្លែឈើ៕





