អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានប្រកាសផ្តល់កាដូដល់សិស្សប្រឡងបាក់ឌុបនិទ្ទេស A ទាំងអស់ ទទួលបានការធ្វើដំណើរឥតគិតថ្លៃ ពេញមួយឆ្នាំ ពីក្រុមហ៊ុន វីរ: ប៊ុនថាំ។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់បែបនេះថា៖ “សិស្សប្រលងបាក់ឌុបនិទ្ទេសAទាំងអស់ នឹងទទួលបានការធ្វើដំណើរ Free ពេញមួយឆ្នាំ អត់កំណត់ពីវីរ:ប៊ុនថាំ”។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ តែងតែយកចិត្តទុកដាក់ខ្ពស់ជួយដល់ការងារសង្គម និងកិច្ចការសប្បុរសធម៌នានា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន ក៏បានបញ្ជូនរថយន្តរាប់សិបគ្រឿង ទាំងរថយន្តធន់ធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដើម្បីដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នាំជូនអំណោយទៅកាន់វីរកងទ័ពជួរមុខ និងដឹកជញ្ជូនបងប្អូនជនភៀសសឹកខ្មែររាប់ពាន់នាក់ផងដែរ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្តើមជាផ្លូវការ ចាប់ពីព្រឹកថ្ងៃទី២៨ ខែសីហានេះ រហូតដល់រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ៕




