គ្រប់គ្នាប្រហែលជាគិតថានាយកប្រតិបតិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលរបស់ពិភពលោក Apple លោក Tim Cook ឬមួយនាយកប្រតិបត្តិរបស់ Netflix លោក Theodore A. Sarandos ដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេបំផុត នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាមិនខាន។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមការចុះផ្សាយពីសារព័ត៌មាន AP បានបង្ហាញឲ្យដឹងថា លោក Rick Smith ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកិវទ្យាសុវត្ថិភាពសាធារណ: Axon Enterprises ទៅវិញទេ ដែលជាប់ឈ្មោះជា CEO រកចំណុលបានខ្ពស់បំផុត នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ជាមួយនឹងកញ្ចប់ប្រាក់ឈ្មួលសរុប ១៦៤,៥លានដុល្លារ។
ក្រុមហ៊ុន Axon ដែលជាអ្នកផលិតកាំភ្លើង Taser stun guns និង Body cameras បានមើលឃើញប្រាក់ចំណូលរបស់ខ្លួន កើនឡើងជាង ៣០% សម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ហើយបានកត់ត្រាប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំ ដល់ចំនួន ៣៧៧លានដុល្លារ ក្នុងឆ្នាំ២០២៤ ថែមទៀតផង។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ Axon ក៏បានកើនឡើងច្រើនជាងពីរដង កាលពីឆ្នាំមុន បន្ទាប់ពីហក់ឡើងដល់ជាង ៥០% ក្នុងឆ្នាំ២០២៣។
ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ ក៏បានធ្វើឲ្យកញ្ចប់ប្រាក់ឈ្នួលរបស់លោក Smith មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយស្ទើតែចំណូលទាំងអស់របស់លោក គឺទទួលបានពីប្រាក់រង្វាន់ផ្សេងៗ បូករួមជាមួយប្រាក់រង្វាន់ភាគហ៊ុន ផងដែរ។ តាមការស្ទង់មតិថ្មីៗនេះដោយសារព័ត៌មាន Associated Press បានបង្ហាញឲ្យដឹងថា លោក Smith អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត នៅក្នុងលក្ខណ្ឌដែលលោកអាចជួយបំពេញតាមគោលដៅរបស់ក្រុមហ៊ុន លើតម្លៃភាគហ៊ុន និងប្រតិបត្តិការរបស់ខ្លួន សម្រាប់រយ:ពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។

ជម្រាបជូនផងដែរថា ក្រៅតែពីលោក Smith CEO ដែលអាចរកចំណូលបានខ្ពស់បំផុតផ្សេងទៀត នៅអាមេរិក រួមមានលោក Lawrence Culp នាយកប្រតិបត្តិក្រុមហ៊ុន GE Aerospace (រកបាន ៨៤,៧លានដុល្លារ) លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple (រកបាន ៧៤,៦លានដុល្លារ) លោក David Gitlin នាយកប្រតិបត្តិក្រុមហ៊ុន Carrier Global (៦៥,៦លានដុល្លារ) និងនាយកប្រតិបត្តិ Netflix លោក Ted Sarandos (រកបាន ៦១,៩លានដុល្លារ)៕

