វៀតណាម គ្រោងចាយលុយជាង ២ពាន់លានដុល្លារ នាំចូលផលិតផលកសិកម្មពីអាមេរិក

អន្តរជាតិ

ក្រសួងកសិកម្ម និងបរិស្ថាន បាននិយាយថា ក្រុមហ៊ុនរបស់វៀតណាម គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MoU) ដើម្បីទិញផលិតផលកសិកម្ម ដែលមានតម្លៃដល់ទៅជាង ២ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចចរចា​បន្ធូរ​បន្ថយពន្ធគយ រវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម បាននិយាយទៀតថា កិច្ចព្រមព្រៀងថ្មីដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដោយគណៈប្រតិភូក្រុមហ៊ុនវៀតណាមចំនួន ៥០ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Do Duc Duy រួមមាន MoU ចំនួន ៥ ដើម្បីទិញផលិតផលកសិកម្មដែលមានតម្លៃប្រមាណ ៨០០លានដុល្លារ ពីរដ្ឋ Iowa ក្នុងរយៈពេលបីឆ្នាំ។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា MoU ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរនេះ ពាក់ព័ន្ធទៅនឹងការទិញចូលផលិតផលកសិកម្មជាច្រើនមុខ ដូចជាពោត ស្រូវសាលី សណ្តែក និងគ្រាប់ធញ្ញជាតិស្ងួត ជាដើម។

រដ្ឋាភិបាលវៀតណាម និងរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននឹងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសមួយ ដោយវៀតណាម បានសន្យាថានឹងអនុញ្ញាតឲ្យមានការនាំចូលពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបង្រួមគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកបានចុះបញ្ជីឱនភាពពាណិជ្ជកម្មចំនួន ១២៣ពាន់លានដុល្លារ ជាមួយវៀតណាមកាលពីឆ្នាំមុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមកាលពីឆ្នាំមុន បានទិញកសិផលរបស់សហរដ្ឋអាមេរិក មានតម្លៃ ៣,៤ពាន់លានដុល្លារ ហើយបាននាំចេញកសិផលរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក មានតម្លៃ ១៣,៦៨ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា កន្លងមកវៀតណាមក៏បានសន្យាទិញផលិតផលរបស់អាមេរិកផ្សេងទៀត រួមទាំងយន្តហោះ Boeing និងឧស្ម័នធម្មជាតិរាវផងដែរ៕