ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung Electronics បាននិយាយកាលពេលថ្មីៗនេះថា ខ្លួនមានគោលបំណងជំរុញការចាប់ផ្តើមដំណើរការនៃរោងចក្រផលិតបន្ទះឈីបដំបូងនៅក្នុងតំបន់ Yongin ភាគខាងត្បូងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឲ្យបានមុនកាលកំណត់ ត្រឹមឆ្នាំ២០២៩ ពោលគឺគឺលឿនជាងការគ្រោងទុកដែលត្រូវបានកំណត់ពីមុន នៅឆ្នាំ២០៣០-២០៣១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនគូប្រជែងនៅកូរ៉េខាងត្បូងរបស់ខ្លួនគឺ SK Hynix បានប្រកាសពីការប្តេជ្ញាចិត្តថា នឹងវិនិយោគទឹកប្រាក់រាប់រយពាន់លានដុល្លារក្នុងការពង្រីកសមត្ថភាពផលិតកម្ម នៅក្នុងស្រុក បន្ទាប់ពីប្រធានាធិបតី លោក Lee Jae Myung បានអំពាវនាវឱ្យមានវិធានការដើម្បីបង្រួមគម្លាតសេដ្ឋកិច្ចក្នុងតំបន់។
យ៉ាងណាមិញ នៅក្រោមផែនការនេះ រដ្ឋាភិបាលសង្ឃឹមថា កូរ៉េខាងត្បូងអាចបង្កើនសមត្ថភាពផលិតបន្ទះឈីបអង្គចងចាំរបស់ខ្លួនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយបង្កើនល្បឿនការសាងសង់រោងចក្រផលិតដោយក្រុមហ៊ុន Samsung និង SK Hynix នៅតំបន់សេដ្ឋកិច្ចពិសេស Yongin។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Samsung Electronics មានគម្រោងចាប់ផ្តើមប្រតិបត្តិការនៅរោងចក្រផលិតបន្ទះឈីបថ្មីដំបូងរបស់ខ្លួន នៅ Yongin នៅត្រឹមឆ្នាំ២០២៩ខាងមុខពោលគឈលឿនជាងកាលវិភាគពីមុន មួយទៅពីរឆ្នាំ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា Samsung កំពុងព្យាយាមតាមឲ្យទាន់តម្រូវការដែលកំពុងកើនឡើងយ៉ាងខ្លាំង សម្រាប់បន្ទះឈីបអង្គចងចាំដែលត្រូវបានយកទៅប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធ AI៕

