ក្រុមហ៊ុន​ Tesla ប្រមូល​រថយន្ត​ចូល​រោងចក្រ​វិញ​ជិត​កន្លះ​លាន​គ្រឿង ក្រោយ​មាន​បញ្ហា​ផ្ទួនៗ

អន្តរជាតិ

ក្រុមហ៊ុន​ផលិត​យានយន្ត Tesla បាន​ធ្វើការ​ប្រមូល​រថយន្ត​ប្រមាណ​ច្រើនជាង ៤៧៥ ០០០ គ្រឿង​ ដែល​សុទ្ធ​តែ​ជា​ប្រភេទ​រថយន្ត​ម៉ូដែល Model 3 និង Model S ចូល​រោងចក្រ​វិញ ក្រោយ​មាន​បញ្ហា​ផ្នែក​កាមេរ៉ា​សុវត្ថិភាព និង​បញ្ហា​បច្ចេកទេស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ផលិត​យានយន្ត​របស់​អាមេរិក​មួយ​នេះ​បាន​ប្រមូល​រថយន្ត​ប្រភេទ​ម៉ូដែល Model 3 ផលិត​ចន្លោះ​ឆ្នាំ ២០១៧-២០២០ សរុប ៣៥៦ ៣០៩ ​គ្រឿង​ដែល​មាន​បញ្ហា​ផ្នែក​កាមេរ៉ា​សុវត្ថិភាព និង​ប្រមូល​រថយន្ត​ប្រភេទ​ម៉ូដែល Model S ១១៩ ០០៩ ​គ្រឿង​ដែល​មាន​បញ្ហា​ឃ្លុប​ខាងមុខ​រថយន្ត។

សរុប​ចំនួន​រថយន្ត​ដែល​ Tesla ប្រមូល​ចូល​ឃ្លាំង​ដើម្បី​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​ឡើង​វិញ​គឺ​មាន​រហូត​ដល់​ជិត​កន្លះ​លាន​គ្រឿង ដែល​ជា​ស្ថិតិ​នាំ​ចេញ​កាលពី​ឆ្នាំ​ទៅ ស្របពេល​បច្ចុប្បន្ន​នៅ​មិនទាន់​មានការ​ឆ្លើយ​តបពី​សំណាក់​ក្រុមហ៊ុន​នៅ​ឡើយ។

យ៉ាងណា ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់ៗ​នៃ​រថយន្ត​ទាំង ២ ម៉ូដែល​នេះ​ផងដែរ ដោយ​ពួកគេ​អះអាង​ថា កាមេរ៉ា​សុវត្ថិភាព​របស់​រថយន្ត Model 3 អាច​មាន​បញ្ហា​ខូច​ដោយសារ​ប៉ះទង្គិច​នឹង​ការ​បើក​បិទ​ឃ្លុប​រថយន្ត និង​ធ្វើ​ឲ្យ​អ្នក​បើកបរ​មិនអាច​មើល​រូបភាព​ច្បាស់។

ខណៈ​ចំពោះ​ប្រភេទ​ម៉ូដែល Model S វិញ គឺ​មាន​បញ្ហា​មួយ​កំណាត់​ខាងមុខ​តែម្ដង ដោយសារ​ពេលខ្លះ​វា​បើក​ឃ្លុប​ខាងមុខ​រថយន្ត ដោយ​ឯងៗ​ធ្វើ​ឲ្យ​អ្នក​បើកបរ​មិនអាច​មើល​ស្ថានភាព​ផ្លូវ​បាន​ច្បាស់ និង​បង្ក​ជា​គ្រោះថ្នាក់​តែ​ម្ដង។

ក្រៅពីនោះ Tesla ក៏​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​សំណាក់​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ​ហៅកាត់ NHTSA ផង​ដែរ ចំពោះ​ការ​សម្រេចចិត្ត​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​អាច​លេង​ហ្គេម​នៅលើ​អេក្រង់​របស់​រថយន្ត​ពេល​កំពុង​ធ្វើ​ដំណើរ។

ជា​លទ្ធផល Tesla បាន​សម្រេចចិត្ត​បញ្ឈប់​មិន​ឲ្យ​មាន​ការ​លេងហ្គេម​នៅ​ពេល​រថយន្ត​មាន​ចលនា ឡើយ នេះ​បើតាម​ការ​អះអាង​ពី​ NHTSA៕

ប្រភព: CNA