ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បាននិយាយកាលពីថ្ងៃទី២ ខែមិថុនាថា ខ្លួនបានរៃអង្គាសទឹកប្រាក់ចំនួន ៦៥០លានដុល្លារ នៅក្នុងជុំនៃការផ្តល់មូលនិធិចុងក្រោយបំផុតរបស់ខ្លួន ដើម្បីយកទៅអភិវឌ្ឍលើបច្ចេកវិទ្យាផ្សាំបន្ទះឈីបក្នុងខួរក្បាលមនុស្ស ក្នុងការព្យាបាលអ្នកជំងឺ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា Neuralink ចាប់ផ្តើមការសាកល្បងបើកគ្លីនិច ក្នុងការដាំបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស ដែលអាចបំលែងសញ្ញាសរសៃប្រសាទ បញ្ជូនទៅកាន់កុំព្យូទ័រ ឬទូរស័ព្ទបាន នៅក្នុងប្រទេសចំនួនបី រួមមានសហរដ្ឋអាមេរិក កាណាដា និងអារ៉ាប់រួម។ ជាក់ស្តែង អ្នកជំងឺដែលមានពិការភាព ដោយសារការរងរបួសខួរក្បាល ចំនួនប្រាំនាក់ បានទទួលការដំឡើងឧបករណ៍នេះ ហើយអាចគ្រប់គ្រងឧបករណ៍ឌីជីថល និងរូបវត្ថុផ្ទាល់ដោយគ្រាន់តែគិត។
ទន្ទឹមនឹងនេះ Neuralink បានបិទការរៃអង្គាសសម្រាប់មូលនិធិចុងក្រោយរបស់ខ្លួន ដោយមានការចូលរួមពីវិនិយោគិនសំខាន់ៗរួមមាន ARK Invest, DFJ Growth, Founders Fund, G42, Human Capital, Lightspeed, QIA, Sequoia Capital, Thrive Capital, Valor Equity Partners និង Vy Capital ។ ស្របពេលការប្រមូលមូនិធិថ្មីនេះ បានធ្វើឲ្យតម្លៃក្រុមហ៊ុនហក់ឡើងដល់ ៩ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ជុំវិញការប្រមូលមូធិនិនេះ ក្រុមហ៊ុន Neuralink មានគោលដៅបំណងក្នុងការដាក់បញ្ចូលបន្ទះឈីបទៅកាន់ខួរក្បាលអ្នកជំងឺជាច្រើន រួមទាំងការបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត៕

