លោក ម៉ាង ស៊ីណេត ស្នើអភិបាលខេត្តអានហ៊ួយ ជំរុញវិនិយោគគិនទៅបណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្នើទៅកាន់អភិបាលខេត្តអានហ៊ួយ ជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរណ៍ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើបែបនេះរបស់លោក ម៉ាង ស៊ីណេត បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអានហ៊ួយ ប្រទេសចិន កាលពីថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក វ៉ាង ឈីងស៊ាន បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តអានហួយ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យានិងជាខេត្តមួយ ដែលមានចំណូលខ្ពស់សម្រាប់ប្រទេសចិន និងនាំមុខក្នុងការផលិត រថយន្តប្រើចរន្តអគ្គីសនី  និងថាមពលផ្សេងៗ ដែលមានការនាំចេញរហូតដល់ជាងមួយលានគ្រឿងនៅក្នុងមួយឆ្នាំផងដែរ។

នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែល្អប្រសើរ។

ជាមួយគ្នានោះ លោកក៏បានស្នើសុំ លោក វ៉ាង ឈីងស៊ាន អភិបាលខេត្តអានហ៊ួយ សូមជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរណ៍ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។ បន្ថែមពីលើនេះទៀត គឺស្នើសុំ អភិបាលខេត្តអានហ៊ួយ ជួយជំរុញការរៀបចំតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តអានហ៊ួយ ទៅខេត្តព្រះសីហនុផងដែរ។

ជាការឆ្លើយតប លោកអភិបាលខេត្តអានហ៊ួយ បានទទួលយកសំណើរបស់លោកអភិបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ ជាពិសេសលោកនឹងខិតខំជំរុញការរៀបចំជើងហោះហើរត្រង់ពីខេត្តអានហ៊ួយទៅកាន់ខេត្តព្រះសីហនុផងដែរ៕